(កណ្តាល)៖ យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក រួមជាមួយរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះថា ករណីលិចទូកចម្លងនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យបាត់ខ្លួន៨នាក់ផ្សេងទៀត ខណៈកូនសិស្ស៤នាក់ ត្រូវបានរកឃើញតែបានស្លាប់២នាក់ (ស្រីម្នាក់)។
របាយការណ៍ាបានបញ្ជាក់ថា នៅលើទូកមានអ្នកជិះចំនួន១២នាក់ ហើយនៅពេលនេះរកឃើញ៤នាក់ (ស្លាប់២នាក់) និងបាត់ខ្លួនបន្តចំនួន៨នាក់ទៀត ខណៈកម្លាំងជួយសង្គ្រោះទាំងអស់កំពុងតាមរុករកទាំងយប់។
ក្រោយមានហេតុការណ៍នេះភ្លាម, ជួសមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះហេតុការណ៍ដ៏អកុសលនេះ។ លោកទេសរដ្ឋមន្ត្រី បានណែនាំលោក គីម វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងកម្លាំងសង្គ្រោះ ត្រូវចេញប្រតិបត្តិការបន្ទាន់ ហើយប្រឹងប្រែងឱ្យអស់លទ្ធភាពជួយសង្គ្រោះកុមាររងគ្រោះ និងរុករកអ្នកដែលបាត់ខ្លួន។
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ជាមួយគ្នានោះ កងប្រតិបត្តការរុករក និងសង្រ្គោះលេខ ៩១១ កំពុងចេញដំណើរជួយស្វែងរកបន្ថែមផងដែរ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលកំពុងដឹកនាំកម្លាំងជួយរុករកជនរងគ្រោះនៅកន្លែងទូកលិចនោះ បានបញ្ជាក់ថា ករណីនេះបានកើតឡើងនៅពេលកូនសិស្សបានចេញពីរៀនរួច ក៏ជិះទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន (លើកោះមានប្រហែល៣០០គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ លោកថា កន្លងទៅមិនមានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយ តែលើកនេះមកពីទឹកឡើងទើប ជួបហេតុការណ៍អាក្រក់នេះតែម្តង។
ជំនួសមុខឲ្យកងកម្លាំងនគរបាល លោកឧត្តមសេនីយ៍ទោស្នងការ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបញ្ជាក់ថាកម្លាំងសមត្ថកិច្ចទាំងអស់ កំពុងសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមស្វែងរុករកជនរងគ្រោះផ្សេងទៀតដែលបាត់ខ្លួន។
សម្រាប់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះដោយសារលិចទូកនេះ អង្គភាពគយ និងរដ្ឋាករសាខាខេត្តកណ្ដាល ក្រោមបញ្ជារបស់លោក អន ស៊ីនួន ក៏បានបញ្ចេញអ៊ូប័រ និងកម្លាំងរបស់លោកជាច្រើននាក់ ដើម្បីជួយសង្រ្គោះ និងដឹកអ្នកជួយសង្រ្គោះ ដឹកថ្នាក់ដឹកនាំតាំងពីយប់ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះផងដែរ ដែលនេះជាការសហការចូលរួមជួយរបស់អង្គភាពគយសាខាខេត្តកណ្ដាល ក្រោយទទួលដំណឹងភ្លាមៗពីអភិបាលស្រុកលើកដែកអំពីការលិចទូកដរនេះ៕