(ភ្នំពេញ)៖ ជួសមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញបញ្ជាឱ្យអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំកម្លាំងចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួបគ្រោះលិចទូកចម្លងនៅក្នុងខេត្តកណ្តាលទាំងយប់។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវការសោកស្តាយជាទីបំផុតចំពោះហេតុការណ៍ដ៏អកុសលនេះ។ លោកទេសរដ្ឋមន្ត្រី បានណែនាំលោក គីម វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងកម្លាំងសង្គ្រោះ ត្រូវចេញប្រតិបត្តិការបន្ទាន់ ហើយប្រឹងប្រែងឱ្យអស់លទ្ធភាពជួយសង្គ្រោះកុមាររងគ្រោះ និងរុករកអ្នកដែលបាត់ខ្លួន។
ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធានកងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំងចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ជាមួយគ្នានោះ កងប្រតិបត្តការរុករក និងសង្រ្គោះលេខ ៩១១ កំពុងចេញដំណើរជួយស្វែងរកបន្ថែមផងដែរ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលានេះ មានករណីលិច្ចទូកចម្លងស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានប្រាប់ភ្នាក់ងារ Fresh News ថា ទូកចម្លងនេះដឹកសិស្សតូចចេញពីរៀនត្រឡប់ទៅផ្ទះរបស់ពួកគេ។
ព័ត៌មានបឋម បានឱ្យដឹងថា មានក្មេងៗប្រមាណ១០នាក់ បាត់ខ្លួន។ ក្នុងនោះរកឃើញភ្លាមៗចំនួន៣នាក់ ប៉ុន្ដែម្នាក់ស្លាប់ និងផ្សេងទៀតសមត្ថកិច្ចកំពុងរាវរក៕