(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ (28th ASCC Council Meeting) គាំទ្រឯកសារលទ្ធផលចំនួន១១ ដែលនឹងត្រូវយកទៅអនុម័ត និងឯកសារលទ្ធផលចំនួន២០ ដែលនឹងត្រូវយកទៅកត់សម្គាល់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១។

លោកបណ្ឌិតសភាចារ្យ បានថ្លែងដូចនេះ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក និងលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន រៀបចំសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ ដោយមានការចូលរួមពីសំណាក់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ បានបង្ហាញការគាំទ្រ និងកោតសរសើរចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងអាទិភាពទាំងបួនរបស់សហគមន៍សង្គម-វប្បធម៌ អាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលរួមមាន៖ (១). ពង្រឹងគុណតម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន, (២). លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់អំណាចទៅឱ្យស្ត្រី, (៣). ពង្រឹងសុខភាព សុខុមាលភាព និងការគាំពារសង្គម, និង (៤). ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌ អាស៊ាន។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា អង្គប្រជុំក៏បានសម្តែងការពេញចិត្តចំពោះការអនុវត្តនូវផែនការមេ សសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ឆ្នាំ២០២៥ រួមទាំងការកើតឡើងនៃផែនការ​សកម្មភាពនៃផែនការដែលអនុវត្តអន្តរវិស័យ ដែលបានកើនឡើង ដើម្បីតាមដានក្រោមសេចក្តីប្រកាស និងផែនការរបស់អាស៊ាន និងបានកោតសរសើរពីការប្តេជ្ជាចិត្តរបស់ក្រុមប្រឹក្សា ក្នុងការ​ស្តារឡើងវិញក្រោយជំងឺកូវីដ១៩ តាមរយៈការអនុវត្តផែនការមេ ជាមួយនឹងក្របខណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

ប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានឱ្យដឹងដែរថា អង្គប្រជុំក៏បានឯកភាពដើម្បីអនុម័តទៅលើរបាយការណ៍ ដែលនឹងដាក់ជូនមេដឹកនាំអាស៊ាន ដែលនឹងជួបប្រជុំ ក្នុងខែវិច្ឆិកា ខាងមុននេះ និងបានកត់សម្គាល់ចំពោះអនុសាសន៍របស់ក្រុមយុវជន មកពីប្រទេសអាស៊ានបូក និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌនៃកិច្ចសន្ទនាអាស៊ាន ដែលបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ អង្គប្រជុំក៏បានត្រៀមសម្រាប់ប្រកាសការអប់រំឌីជីថល នៅក្នុងប្រទេសអាស៊ាន ក៏ដូចជាការបញ្ចៀបបច្ចេកវិទ្យា ទៅក្នុងវិស័យអប់រំ ដែលមានគោលដៅលើកកម្ពស់បំនិនក្នុងការប្រើប្រាស់ឌីជីថលផងដែរ។

រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង១០ រូប និងអគ្គលេខាធិការអាស៊ាន បានផ្ដល់ទស្សនៈបន្ថែម និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន។ អង្គប្រជុំបានឯកភាពលើរបាយការណ៍វាយតម្លៃរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលត្រូវបានរៀបចំឡើង បន្ទាប់ពីបេសកកម្មស្វែងរកការពិត ដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០២២ ស្តីពីសំណើបេក្ខភាពរបស់ប្រទេសទីម័រឡេសស្ដ ចូលជាសមាជិកអាស៊ាន៕