(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា ក្រសួងយុត្តិធម៌ មិនលូកដៃក្នុងសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះទេ ដោយទុកឲ្យចៅក្រម ស៊ើបសួរអនុវត្ត ទៅតាមនីតិវិធី។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ បានចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ពីបទ «បដិសេធក្នុងការចូលខ្លួន»។ ការចេញដីកាកោះនេះបានធ្វើឡើង បន្ទាប់លោក កឹម សុខា បានអវត្តមានមិនចូលបំភ្លឺតាមការកោះហៅ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចំនួន ២លើក ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រោយពីការសម្រេចមិនចូលខ្លួនេះ តុលាការបានធ្វើសេចក្តីរាយការណ៍មួយ ទៅកាន់រដ្ឋសភា ហើយរដ្ឋសភាក្រោមសំឡេងភាគច្រើនដាច់ខាតបានបោះឆ្នោតគាំទ្រឱ្យតុលាការ បន្តនីតិវិធីលើ លោក កឹម សុខា តែម្តង។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទមិនចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សី តាមមាត្រាទី៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានេះ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយជាសាក្សីនៅមុខ អយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
បើទោះបីជាយ៉ាងណា គណបក្សសង្រ្គោះជាតិ បានប្រកាសរួចហើយ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ លោក កឹម សុខា នឹងមិនចូលទៅ បំភ្លឺនោះឡើយ ហើយនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក៏គ្រោងនឹងរៀបចំជួបជុំទទួលញត្តិពីអ្នកគាំទ្រ និងរៀបចំឲ្យមានវេទិកាសម្តែង មតិរបស់អ្នកគាំទ្រផងដែរ៕