(ភ្នំពេញ)៖ កីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក Keisuke HONDA នឹងធ្វើដំណើរមកដល់ទឹកដីនៃប្រទេសកម្ពុជា នាម៉ោងប្រមាណ១១៖៣០នាទីថ្ងៃត្រង់នេះ តាមជើងហោះហើរ EVA Air ច្រកទា្វរ VIP នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្លែងប្រាប់ Fresh News ព្រឹកថ្ងៃទី០៩ មិថុនានេះ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវលើកទី១ របស់កីឡាករខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិសាម៉ូរៃជប៉ុន ខាងលើនេះ ត្រូវបាន លោក ខៀវ សាម៉េត បញ្ជាក់ថា គឺដើម្បីបើកសាលាបាល់ទាត់នៅកម្ពុជា និងផ្តល់បទពិសោធន៍ និងបច្ចេកទេសពីការ លេងបាល់ទាត់ ដើម្បីឈានទៅដល់ចំណុចកំពូល ដូចរូបគេដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប អឺរ៉ុប AC Milan លេងក្នុងក្របខណ្ឌកំពូល Italia-Serie A របស់អ៉ីតាលីនាពេលបច្ចុប្បន្ន។
ក្នុងការមកដល់នេះ តារាបាល់ទាត់វ័យ២៨ឆ្នាំ Honda នឹងជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា មុនធ្វើដំណើរទៅទីលានបាល់ទាត់ ស្ថិតក្នុងវិទ្យាល័យឥន្រ្ទទេវី នាពេលរសៀល ដើម្បីបង្ហាញពីបច្ចេកទេសបាល់ទាត់ដល់ក្មេងៗ ប្រហែលជា៤០នាក់ នេះបើយោងតាម Facebook របស់លោក ចាន់ មិថុនា មន្រ្តីព័ត៌មានរបស់ FFC។
នៅចាំបានថា Keisuke HONDA ជាតារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកទី៤ ដែលមកទស្សនកិច្ចកម្ពជា និងផ្តល់បទ ពិសោធន៍ពីការលេងបាល់ ក្រោយពេលកីឡាករ Bobby Chartlon, Deco និង David Beckham សុទ្ធតែធ្លាប់មក កម្ពុជាដូចគ្នានាពេលកន្លងមក បូករួមទាំងធ្វើសកម្មភាពសប្បុរធម៌ផងដែរ៕
លោក ខៀវ សាម៉េត ថតរូបអនុស្សវរីយ៍ ជាមួយកីឡាករ ហុងដា នៅទីក្រុង Milan ប្រទេសអីុតាលី កាលពីថ្ងៃទី៤ ខែមិនា