(បាងកក)៖ ប្រជាជាតិថៃទាំងមូល បានប្រារព្ធពិធីខួបគំរប់ ៧០ឆ្នាំនៃការឡើងសោយរាជ្យសម្បត្តិ របស់ស្តេចថៃព្រះបាទ Bhumibol Adulyadej ប្រកបដោយភាពអធិកអធម ប៉ុន្តែក្តីព្រួយបារម្ភរបស់ ប្រជាជននៅតែលេចឡើងយ៉ាងខ្លាំង ចំពោះព្រះរាជ្យសុខភាពរបស់ព្រះអង្គដែលហាក់មិនបង្ហាញ សញ្ញាល្អថានឹងធូរស្បើយនោះឡើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាសេ្តចដែលគ្រងរាជ្យបាន ៧ទសវត្សរ៍មកហើយនេះ ត្រូវបានប្រជាជនថៃទូទាំងប្រទេស ចាត់ទុកជាអាទិទេពដែលជួយឲ្យថៃមានសុខសន្តិភាព ការអភិវឌ្ឍ និងរួបរួមគ្នា នៅទូទាំងប្រទេស។ បច្ចុប្បន្នរាជបុត្រ ដែលនឹងស្នងរាជ្យបន្តពីព្រះអង្គ ក៏មានវ័យ ៦៣វស្សាទៅហើយដែរ។
ងាកមកមើលការប្រារព្ធពិធីជារួម គឺមានការនិមន្តព្រះសង្ឃ ៧៧០អង្គ ធ្វើការសូត្រមន្តចំរើនពរជ័យ សិរីមហាប្រសើរជូនដល់ព្រះបាទ Bhumibol Adulyadej៕