(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ឃុំចំណាលើ ស្រុកស្ទោង។
នាឱកាសនោះ លោកអភិបាលស្រុក បានផ្តាំផ្ញើការសួរសុខទុក្ខរបស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ស្រឡាញ់ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងនៅជាមួយប្រជាពលរដ្ឋជានិច្ច។
លោកបានបន្ថែមថា នេះជាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកហើយជាកិច្ចការងារចាំបាច់បំផុតដែលប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ពលរដ្ឋគ្រប់រូបត្រូវទៅពិនិង្យបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងទៅចុះឆ្មោះបោះឆ្នោត នៅតាមទីទាំងដែលអាជ្ញាធរបានជម្រាបជូន ដើម្បីមានឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងមានសន្តិភាពពេញបរិបូណ៍ ហើយនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។
លើសពីនេះទៀតលោក សាយ គឹមឡម បានឱ្យអាជ្ញាធរឃុំចំណារលើ ចុះស្រង់ស្ថិតិបរិមាណស្រែស្រូវ ដីចម្ការ ដំណាំ ដែលបានលិចលង់ខូចដោយទឹកជំន់ឱ្យបានជាក់ស្តែង ជាពិសេសស្រែ ចម្ការដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការធ្វើស្រែ និងដាំដុះស្តារឡើងវិញ ក្នុងពេលដែលទឹកស្រកក្នុងពេលឆាប់ៗនេះ។
លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ និងជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ផងដែរ៕