(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីរាប់បាត្រក្នុងពិធីបុណ្យគម្រប់ខួប១ឆ្នាំ នៃមរណភាពសម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភាជាតិ នៅភូមិគ្រឹះសម្តេច ជា ស៊ីម។ សម្តេចតេជោ បានថ្លែងថា បើទោះបីសម្តេច ជា ស៊ីម លាចាកលោក តែសម្តេច រួមនិងប្រជាពលរដ្ឋខ្មែរ នៅតែចងចាំវីរភាពក្លាហានរបស់សម្តេច ជា ស៊ីម ក្នុងការតស៊ូរំដោះជាតិចេញពីរបបអាវខ្មៅ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ទោះបីសម្តេចធម្មពោធិសាលបានលាចាកលោកទៅហើយក្តី គឺប្រជាពលរដ្ឋកម្ពុជា និងសមាជិកសមាជិការ នៃគណបក្សប្រជាជនទាំងអស់ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ គឺចងចាំជានិច្ចនូវកិត្តិនាម និងវីរភាពក្លាហានតស៊ូរំដោះជាតិ ដែលសម្តេចបានបូជាដល់កម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានបួងសួងដល់ផលបុណ្យ និងអំពើលល្អ ដែលសម្តេចធម្មពោធិសាល ជា ស៊ីម បានលះបង់ដើម្បីជាតិ បានជាកុសលដល់សម្តេច សោយសុខក្នុងឋានសុគតិភពកុំបីខានឡើយ។
សូមបញ្ជាក់ថា សម្តេច ជា ស៊ីម បានទទួលមរណភាពកាលពីរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពា ធ។ មរណភាពរបស់សម្តេច ជា ស៊ីម បាននាំមកនូវក្តីសង្វេគស្រណោះអាឡោះអាល័យជាពន់ពេក ពីក្រុមគ្រួសារ សាច់ញាតិ មន្រ្តីគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋខ្មែរ។ សម្តេច ជា ស៊ីម ជាឥស្សរជនជាន់ខ្ពស់របស់ខ្មែរមួយរូប ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដទៃ ទៀត ដែលបានពលីអស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការរំដោះជាតិចេញពីរបបអាវខ្មៅប៉ុលពត៕