(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។
ជាមួយនឹងករណីនេះ លោកបានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវគោរពឲ្យបានជាដាច់ខាតនូវអ្វី ដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន។
ពាក់ព័ន្ធនឹងករណីនេះ លោក មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងករណីនេះ ខាងជំនាញរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានកំពុងពិនិត្យលេីការផ្សព្វផ្សាយថា តេីអ្នកសារព័ត៌មាននោះបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មានដែរឬទេ? ព្រមទាំងខ្លឹមសារនៃការផ្សព្វផ្សាយ។ ក្នុងករណីរកឃេីញថា អ្នកសារព័ត៌មាននោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ខាងក្រសួងនឹងធ្វេីការអប់រំណែនាំ តម្រង់ទិសរូបនោះឱ្យគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសេចក្តីថ្លៃថ្នូរដោយអនុលោមតាមច្បាប់របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឬអាចនឹងឈានទៅបញ្ជប់អាជ្ញាបណ្ណតែម្តង»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកប វិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ ធ្វើយ៉ាងអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ គោរពឲ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាច្បាប់អ្នកសារព័ត៌មាន ចៀសវាងការរាយការណ៍ដោយពុំ បានផ្ទៀងផ្ទាត់នៅប្រភពឲ្យបានគ្រប់ជ្រុងជ្រាយក៏ដូចជា ការប្រើប្រាស់ពាក្យសម្ដីអសុរោះ ពាក្យសម្ដីជេប្រមាថ ឬក៏ពាក្យសម្ដីមិនសមរម្យ នូវក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន ដែរវានាំឲ្យប៉ះពាល់ដល់គុណតម្លៃរបស់អ្នកសារព័ត៌មាន ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ហើយក៏វានឹងប្រាស់ចាកទៅច្បាប់ក៏ដូចជាក្រមសីលធម៌អ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមានបញ្ហារលាកស្រោមខួរក្បាល។ ការប្រើប្រាស់ពាក្យសម្ដីទៅលើព្រះសង្ឃនេះ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង នូវបណ្ដាញសង្គម អំពីក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន៕