(ភ្នំពេញ)៖ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន ដែលបានដាក់ពាក្យទៅកាន់ ACU ប្តឹងថ្នាក់ដឹកនាំ គ.ជ.ប ថា ប្រព្រឹត្តអំពើពុករលួយនោះ នៅម្សិលមិញនេះ បានសារភាពកំហុស ហើយធ្វើលិខិតសុំទោស លោក ស៊ិក ប៊ុនហុន ប្រធាន គ.ជ.ប។
ការធ្វើលិខិតសុំទោស របស់លោក រស់ សារ៉ុម បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចច្រានចោល បណ្តឹងរបស់លោក បន្ទាប់ពីពិភាក្សាឃើញថា មិនមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុក លើថ្នាក់ដឹកនាំ គ.ជ.ប ដូចដែលប្រធានសមាគមនេះចោទប្រកាន់។
តាមរយៈលិខិតរបស់ លោក រស់ សារ៉ុម ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា «ឯកឧត្តម ជាទីគោរព! ទឹកចិត្តដ៏ឧត្តុងឧត្តម និងមហាខន្តីរបស់ឯកឧត្តម ចំពោះទង្វើរបស់ខ្ញុំបាទ ស័ក្តិសមជាអ្នកដឹកនាំគំរូដ៏ល្អប្រពៃ ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងក្រៃលែង ហើយខ្ញុំបាទសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់ឯកឧត្តមប្រធាន គ.ជ.ប ច្បាស់ជាទទួលបាននូវភាពជោគជ័យ ដ៏ត្រចះត្រចង់ និងជំនឿទុកចិត្តពីសាធារណៈមតិជាតិ និងអន្តរជាតិ ជាពិតប្រាកដមិនខានឡើង»។
ទោះជាយ៉ាងណា Fresh News មិនអាចទំនាក់ទំនង លោក រស់ សារ៉ុម បាននៅឡើយទេ នៅព្រឹកនេះ ខណៈលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ពុំទាន់អាចបកស្រាយបានទេ ដោយលោកជាប់ប្រជុំ។
សូមជំរាបថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក រស់ សារ៉ុម បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៤រូបរួមមាន លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក ហង់ ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ និងលោក ម៉ោង សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប អំពីការឃុបឃិតគ្នាប្រព្រឹត្តិ អំពើពុករលួយក្នុងការតែងតាំង និងការធ្វើសមាហរណកម្ម មន្រ្តីរាជការក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ប្រព្រឹត្តក្នុងខែមករា ឆ្នាំ២០១៦៕