(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ គ្រប់ផ្នែក នៅក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យទៅលទ្ធផលការងារពាក់ព័ន្ធការដឹកជញ្ជូន នៅកម្ពុជា។
យោងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យទៅលើលទ្ធផលអនុវត្តការងារ ដែលបានដាក់ចេញក្នុងស្មារតី នៃអង្គប្រជុំធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ លើរបៀបវារៈចំនួន៣រួមមាន៖ ការកែច្នៃរដំឡើងយានយន្តខុសពីស្តង់ដាបច្ចេកទេស, ការពង្រឹងវិធានការទប់ស្កាត់យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងការគ្រប់គ្រងរថយន្តធុនធ្ងន់ចេញ-ចូល ក្នុងរាជធានីភ្នំពេញ។
មន្រ្តីពាក់ព័ន្ធចាប់ពីរដ្ឋលេខាធិកា រហូតដល់ប្រធាន-អនុប្រធាន នៃស្ថានីយជញ្ជីងអចល័តនៅតាមដងផ្លូវទាំងអស់ ត្រូវបានកោះអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ។
សូមបញ្ជាក់ដោយយោងតាមស្មារតី នៃកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ មានរថយន្តដឹកលើសទម្ងន់ជាច្រើនគ្រឿង ត្រូវបានចាប់ផាកពិន័យ និងតម្រូវឲ្យផ្ទេរទំនិញ។
បើតាមការជូនដំណឹងរបស់ក្រសួង បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា មានរថយន្តដឹកលើសទម្ងន់ ១១៦គ្រឿងត្រូវបានផាកពិន័យ។ ការផាកពិន័យនេះ ទទួលបានថវិកាជាង២០០លានរៀល៕