(រតនគិរី)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា វិស័យទឹកស្អាត និងអនាម័យជនបទ ពិតជាបានលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា។
លោកថ្លែងបែបនេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ពេលបើកកិច្ចប្រជុំការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទលើកទី៥ ដើម្បីបន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទ ខណៈពេលបច្ចុប្បន្នមានប្រជាពលរដ្ឋក្នុងខេត្តយល់ដឹងច្រើន ពីវិស័យដ៏មានសារៈសំខាន់នេះ។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ បានលើកឡើងថា វិស័យទឹកស្អាត និងអនាម័យជនបទ ពិតជាបានលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត ជាពិសេសបានផ្លាស់ប្តូរទម្លាប់ របស់ប្រជាពលរដ្ឋពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាព និងប្តូរទម្លាប់ពីការបន្ទោរបង់ពាស វាលពាសកាលមកប្រើប្រាស់បង្គន់អនាម័យវិញ។
លោករដ្ឋលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ ដែលបានខិតខំអនុវត្តការងារមួយនេះឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញឲ្យអនុវត្តន៍ ស្របតាមពាក្យស្លោក រស់នៅស្អាត ហូបស្អាត និង ផឹកស្អាត។
លោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG-RWSSH) ខេត្ត បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការក្រៅរាជរដ្ឋាភិបាលនានា ដែលបានយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើង និងសម្រេចឲ្យបានតាមគោលដៅដែលបានគ្រោងទុកពីព្រោះយើងមានគោលបំណងដូចគ្នា នោះគឺការកែទម្លាប់រស់នៅមិនល្អ និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕