(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងនិងសហការី បាននាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ១៦០គ្រួសារ នៅឃុំមានជ័យ និងឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្នុងកម្មវិធី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក ងួន រតនៈ បានថ្លែងថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅឆ្នាំនេះទឹកធំជាងឆ្នាំមុនៗ ដែលបង្កឲ្យមានការលិចផ្ទះសម្បែងផលដំណាំខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃព្រមទាំងមានភ្លៀងខ្លាំងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់។ ដោយមើលឃើញអំពីទុក្ខលំបាកការរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់នូវស្បៀងបន្ទាន់តាមរយៈរដ្ឋបាលខេត្ត សម្រាប់យកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ។

លោកបន្ថែមទៀតថា ការចែកអំណោយទាំងនេះគឺមិនបានចែកគ្រប់គ្នានោះទេ ដោយអាជ្ញាធរស្រុកស្រង់យកតែអ្នកដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។

អភិបាលខេត្តបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជាពិសេសនៅកន្លែងណាដែលងាយរងគ្រោះដើម្បីកំណត់មុខសញ្ញា និងជម្លៀសពួកគាត់ឲ្យមករកទីទួលមានសុវត្ថិភាព។

លោកបានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវនៅក្នុងភូមិសាស្រ្តសាម៉ី ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋ សម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកទៅវិញ ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងទឹកបរិសុទ្ធ៕