(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២២ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាព ម្ហូបអាហារ និងច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា ជូនដល់សមាជិកសមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលជាធុរជន និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីធុរជន និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារជាសមាជិក-សមាជិកាសភា ពាណិជ្ជកម្មកម្ពុជា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២០០រូប។

សិក្ខាសាលានេះ ត្រូវបានប្រើប្រាស់ជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារ ព្រមទាំងចែករំលែកនូវ បទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើងពាក់ព័ន្ធដល់ការអនុវត្តច្បាប់ទាំងនេះកន្លងមក។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាលោក ផាន អូន បានជម្រាបថា គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺមិនត្រឹមតែផ្តល់ជាវេទិកាក្នុងការបញ្ជ្រាបការយល់ដឹង ផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជនពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាមន្ត្រីអនុវត្តច្បាប់ ធុរជន ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ដោយវិស័យសុវត្ថិភាពម្ហូបអាហារ ត្រូវបានកំណត់ជាវិស័យអាទិភាព លោក ផាន អូន ក៏បានបញ្ជាក់បន្ថែមជូនអង្គសិក្ខាសាលា ចំពោះកាតព្វកិច្ចចម្បងរបស់ប្រតិបត្តិករ អាជីវកម្មម្ហូបអាហារដែលរួមមាន៖

*ត្រូវចុះបញ្ជិកាឱ្យបានត្រឹមត្រូវ ចំពោះម្ហូបអាហារ ដែលត្រូវបានចាត់ទុកថា ជាប្រភេទមានហានិភ័យ
*ត្រូវធានាថាម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងភាពសមស្រប សម្រាប់មនុស្សបរិភោគ ស្របតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ
*ត្រូវដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ នៅពេលដែលកើតមាននៅក្នុងអាជីវកម្ម របស់ខ្លួន
*ត្រូវជូនដំណឹងជាបន្ទាន់ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ អំពីបញ្ហាដែលកើតឡើងចំពោះម្ហូបអាហារ
*ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងការអនុវត្តវិធានការ ដើម្បីជៀសវាង ឬកាត់បន្ថយហានិភ័យ ដែលបានបង្កដោយផលិតផល នៃអាជីវកម្មម្ហូបអាហារដែលពាក់ព័ន្ធ ព្រមទាំងការអង្កេតដាន ការប្រមូលម្ហូបអាហារមកវិញ និងការដកហូតម្ហូបអាហារ។

ក្រៅពីវិស័យសុវត្ថិភាពម្ហូបអាហារ ដែលជាវិស័យអាទិភាព អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ត្រូវទទួលបន្ទុកអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់ផងដែរ ដែលមានគោលបំណងលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ច ដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានបង្កើតធុរកិច្ចថ្មីៗ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាព ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

ជារួម ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តី ពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ នឹងជំរុញឱ្យមានការការពារ ដល់សុខុមាលភាពប្រជាពលរដ្ឋ ការការពារសិទ្ធិនិងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន និងជម្រុញការប្រកួតប្រជែង នៅក្នុងទីផ្សារប្រកបដោយសមធម៌ និងយុត្តិធម៌ និងចុងក្រោយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព៕

សូមជូនតំណភ្ជាប់ Link សម្រាប់ទាញយកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត https://www.ccfdg.gov.kh/laws-regulations/laws/