(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជម្រាបជូនលោកស្រី Sandra Bernklau តំណាងអង្គការមូលនិធិ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា អំពីវឌ្ឍនភាពការងាររបស់ក្រសួង និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ជាពិសេសកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលមានក្រសួងសង្គមកិច្ច ជាសេនាធិការក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ បានគាំពារកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយគ្រោះពីការធ្លាក់ចូលនៅក្នុងភាពក្រីក្រ។
លោក សំហេង បុរស បានលើកឡើងបែបនេះ ខណៈលោកជួបពិភាក្សាការងារជាមួយលោកស្រី Sandra Bernklau នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រាបអំពីវឌ្ឍនភាពនាពេលថ្មីៗនេះ ក្រសួងផែនការដែលបានប្រកាសឲ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារ ងាយរងហានិភ័យ។ លោកថា យន្តការនេះនឹងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រមូល ការគ្រប់គ្រងទិន្នន័យ និងចែករំលែកទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងវិស័យគាំពារសង្គម។
ទន្ទឹមនឹងនេះ លោក សំហេង បុរស ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ UNFPA ដែលបានប្រតិបត្តិការនៅកម្ពុជានាពេលកន្លងមក។
ជាការឆ្លើយតប លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA បានកោតសរសើនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលជាកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺពិតជាត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់ក្នុងការជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ។
លោកស្រី Sandra Bernklau បានជម្រាបថា ដោយឈរលើមូលដ្ឋានសិទ្ធមនុស្ស និងគោលការណ៍សមភាពយេនឌ័រ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានាជាច្រើនឆ្នាំមកហើយ ដើម្បីកំណត់ ទទួលស្គាល់ និងឆ្លើយតបទៅនឹងបញ្ហាប្រជាជន និងសមភាពយេនឌ័រ និងអំពើហិង្សា ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសស្រ្តីមានផ្ទៃពោះ កុមារ មនុស្សចាស់ ជនពិការជាដើម។
ជំនួបពិភាក្សាការងារនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ UNFPA បានឯកភាពគ្នាលើចំណុចមួយចំនួនដូចខាងក្រោម៖
*ទី១៖ ការសិក្សារៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមមួយ ដែលផ្តល់លទ្ធភាពដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អាចយកប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
*ទី២៖ ស្នើមន្ត្រីជំនាញ និងជនបង្គោលពីខាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមផ្តល់ធាតុចូលសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ប្រចាំប្រទេសរយៈពេល៥ឆ្នាំ ថ្មីរបស់ UNFPA៕