(ភ្នំពេញ)៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៣០៩នាក់ ដែលបានទៅបំពេញបេកកម្មការងារនៅប្រទេសម៉ាលី និង ស៊ូដង់ខាងត្បូង បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញបេសកកម្មការងាររយៈពេលមួយឆ្នាំប្រកបដោយជោគជ័យ។
កងម្លាំងរក្សាសន្តិភាព ដែលធ្វើមាតុភូមិនិវត្តន៍នាថ្ងៃនេះ រួមមានកងវិស្វកម្មព្រលានយន្តហោះលេខ៩១៨ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៣១២ និងកងអាវុធហត្ថលេខ១៦៨។ នៅក្នុងពិធីទទួលការធ្វើមាតុភូមិនិវត្តន៍នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដោយឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានចូលរួមសាទរចំពោះជោគជ័យ និងស្នាដៃរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលសម្រេចបានរយៈពេល០១ឆ្នាំ ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើសមិទ្ធផលជាច្រើន ដែលកងម្លាំងរក្សាសន្តិភាពកម្ពុជា សម្រេចបានកន្លងមក ដើម្បីបុព្វហេតុសន្តិភាព មនុស្សធម៌ នៅលើលោក ដែលជាការឆ្លើយតបទៅ នឹងការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តថា នេះគឺជាភារកិច្ចដ៏មានកត្តិយស សម្រាប់ប្រជាជាតិ ដែលជាសក្ខីកម្មបញ្ជាក់ថា ប្រជាជនកម្ពុជាពិតជាមានសុខុដុមនីយកម្មជាតិ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងប្រទេសជាតិ។
លោកស្រី Caire Van Der Vaeren តំណាងឲ្យអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះសមិទ្ធផល ដែលជា ស្នាដៃ នៃកងកម្លាំងរក្សាសន្តិភាពកម្ពុជា សម្រេចបានក្នុងពេលបំពេញបេសកកម្មប្រកដោយភាពក្លាហាន គោរពវិន័យ ព្រមទាំង សម្តែង នូវ សេចក្តីរីករាយស្វាគមន៍យុទ្ធនារីក្លាហានកម្ពុជា ដែលមានយសស័ក្តជាបុគ្គលិករក្សាសន្តិភាពផងដែរ។ ក្រៅពីនេះ លោកស្រី Caire Van Der Vaeren បានសម្តែងការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានតាំងចិត្តបរិច្ចាគកម្លាំងចូលរួមក្នុងបេសកកម្ម រក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិសុខនៅពាសពេញពិភពលោក។
ជាការលើកទឹកចិត្ត ដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់កងកម្លាំងគ្រប់រូបផងដែរ។
ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអរគុណដល់អង្គការសហប្រជាជាតិ ដែលបានបង្វែរប្រាក់សំណងចំនួន៧៥០០០ ដុល្លារសហរដ្ឋអាមេរិក និងផ្តល់មេដាយជូនក្រុមគ្រួសារសព ព្រិន្ទបាលទោ ចាន់ សំគុណ ហើយគណៈកម្មាធិការជាតិ បានរៀបចំពិធីប្រគល់-ទទួល ជូនដល់គ្រួសារសពផ្ទាល់ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ជូនកងទ័ពកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សាសន្តិ ភាពក្រុមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាជួបសង្រ្គាម ក៏ដូចជាទើបបញ្ចប់សង្រ្គាមកាលពីឆ្នាំ២០០៦។ ក្នុងរយៈពេល ១០ឆ្នាំ កន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៣,៥៥៧នាក់ នារី១១៨នាក់ ទៅបំពេញបេសកកម្ម នៅស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ-សា ធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ម៉ាលី អាហ្រ្វិកកណ្តាល និងនៅកោះព្រុស លើជំនាញបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តម្រួតសណ្តាប់ធ្នាប់ និង វិស្វកម្មជាដើម៕