(ត្បូងឃ្មុំ)៖ សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានឆ្មក់ស្ទាក់ចាប់រថយន្ដប្រភេទបែនដឹកដីចំនួន៥គ្រឿងដើម្បីធ្វើការពិនិត្យអនុលោមភាព ដែលរថយន្ដទាំងអស់នេះ សង្ស័យអត់ពន្ធ ខណៈកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៧ ក្នុងទិសដៅពីស្រុកអូររាំងឪឆ្ពោះទៅកាន់ខេត្តក្រចេះ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

មន្ដ្រីសាខាគយខេត្តត្បូងឃ្មុំ ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយយោងតាមការចង្អុលបង្ហាញពីអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងនគរបាលផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅពេលទទួលបានព័ត៌មានថា មានរថយន្ដប្រភេទបែនចំនួន៥គ្រឿង ធ្វើដំណើរតាមដងផ្លូវនោះ សមត្ថកិច្ចជំនាញបានបានចេញធ្វើការស្ទាក់ឃាត់ត្រួតណិនិត្យនៅទីតាំងមុខទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដើម្បីធ្វើអនុលោមភាព។ ក្រោយត្រួតពិនិត្យឃើញថា រថយន្តបែនម៉ាក HINO ចំនួន៣គ្រឿង (ចង្កូតស្ដាំ) ពុំមានឯកសារបង់ពន្ធនាំចូលនោះទេ។

មន្ដ្រីសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានសម្រេចយករថយន្តល្មើសច្បាប់គយខាងលើទៅរក្សាទុកជាបណ្ដោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមបទបញ្ញត្តិច្បាប់ស្តីពីគយជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធគយឲ្យបានគ្រប់ៗគ្នា ជៀសវាងប្រឈមជាមួយផ្លូវច្បាប់ជាធរមាន៕