(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី២ អាជ្ញាធរមីន (CMAA) បានគាំទ្រគំនិតផ្តួចផ្តើមរបស់សភាពាណិជ្ជកម្មម៉ាឡេស៉ីប្រចាំកម្ពុជា (MBCC) ដែលបង្កើតយុទ្ធនាការ «៤០០០រៀល» ដើម្បីរៃអង្គាសថវិកា យកទៅជួយការងារសម្អាតមីននៅកម្ពុជា។

MBCC កំពុងផ្តើមគំនិត ចាប់ដៃគូជាមួយធនាគារ វីង ដើម្បីធ្វើយុទ្ធនាការរៃអង្គាសប្រាក់បន្ថែមទៀត ដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជា សម្រេចបាននូវគោលដៅនៃការគ្មានមីន នៅឆ្នាំ២០២៥។ MBCC បានស្នើគំនិតនេះ ក្នុងដំណើរទស្សនកិច្ចជាមួយអាជ្ញាធរកម្ចាត់មីននៅកម្ពុជា ទៅកាន់វាលមីនស្ថិតក្នុងភូមិអង្គឌុចទេ ឃុំស្រុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា មានមីនជាច្រើនដែលត្រូវបោសសម្អាតក្នុងប្រទេស ហើយលោកបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ប្រធាន MBCC និងដៃគូរបស់គាត់។ លោកបានបន្ថែមថា គំនិតជាច្រើនត្រូវបានផ្តួចផ្តើមដោយ MBCC និងដៃគូរបស់ខ្លួន គឺដើម្បីសម្រេចបាននូវបេសកកម្មរបស់រដ្ឋាភិបាល នៃប្រទេសគ្មានមីននៅឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងថា «ប្រជាជនទាំងអស់ក្នុងប្រទេសកំពុងទទួលបានឱកាសដើម្បីជួយរដ្ឋាភិបាលក្នុងការបោសសម្អាតមីន ហើយរាល់ប្រាក់រៀលគឺមានសារៈសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបោសសម្អាតមីន»

លោកឧកញ៉ា KM Tan ប្រធាន MBCC បានកត់សម្គាល់ថា តាមរយៈយុទ្ធនាការ «៤,០០០រៀល» ប្រជាជនគ្រប់រូបអាចចូលរួមចំណែកបន្តិចបន្តួច ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ព្រោះថារាល់ប្រាក់រៀល និងប្រាក់ដុល្លារ ដែលបានឧបត្ថម្ភ គឺមានតម្លៃណាស់ក្នុងការកម្ចាត់មីនឲ្យអស់ពីដីរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា បានបន្តថា បើតាម CMAA រយៈពេល ៣០ឆ្នាំមកនេះ មនុស្សជិត ២ម៉ឺននាក់ ត្រូវបានសម្លាប់ដោយគ្រាប់មីន ហើយមនុស្សជិត ៤ម៉ឺននាក់បានរងរបួស ក្នុងនោះជាង ៩ ពាន់នាក់ត្រូវបានកាត់ដៃ ឬជើងចោល។ ផ្ទៃដីជាង ២,២០០ គីឡូម៉ែត្រការ៉េ ត្រូវបានបង្កប់ដោយគ្រាប់មីន ឬសំណល់ពីសង្គ្រាម ហើយការបោសសម្អាតមីនត្រូវបានទាមទារដើម្បីការពារកុំឲ្យមានការខូចខាតជាងនេះដល់ប្រជាជន សហគមន៍ សេដ្ឋកិច្ច និងសង្គម។

លោកឧកញ៉ាបានបន្ថែមថា «យើងបានគិតគូរពីគំនិតនៃការរៀបចំពិធីជួបជុំសំណេះសំណាលជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលកម្មវិធីនោះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសមាជិក MBCC ចំនួន ៥០០ នាក់ និងសប្បុរសជនផ្សេងទៀត ហើយយើងបានរៃអង្គាសប្រាក់បានជាង ៦៧,៧០០ ដុល្លារអាមេរិក»

លោកឧកញ៉ា Tan បានបន្ថែមថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្រេចចិត្តបរិច្ចាគសាច់ប្រាក់ផ្ទាល់ខ្លួនចំនួន ១០,០០០ ដុល្លារអាមេរិក ដល់ព្រឹត្តិការណ៍ MBCC ដែលធ្វើឲ្យទឹកប្រាក់សរុបកើនដល់ ៧៧,៧០០ ដុល្លារអាមេរិក។

«យើងមិនបញ្ឈប់ត្រឹមតែការរៀបចំពិធីជួបជុំសំណេះសំណាលអាហារពេលល្ងាចនោះទេ។ យើងនឹងរៀបចំការទសនកិច្ចដោយផ្ទាល់ពីសំណាក់អ្នកឧបត្ថម្ភរបស់យើង។ យើងនឹងខិតខំជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបោសសម្អាតមីន និងប្រគល់ឃុំ និងភូមិជូនប្រជាពលរដ្ឋវិញ»។ លោកឧកញ៉ា គូសបញ្ជាក់។

លោកឧកញ៉ា បានបន្ថែមថា MBBC និងដៃគូនានាក៏កំពុងស្វែងរកមូលនិធិសម្រាប់អ្នកដោះមីន និងជនរងគ្រោះដោយសារគ្រាប់មីនផងដែរ។ អ្នកស្រី ចេវ វី អាយុ ៦៥ឆ្នាំ ដែលរស់នៅក្នុងភូមិ បាននិយាយថា គាត់ពិតជាគាំទ្រគំនិតផ្តួចផ្តើម MBCC ចាប់តាំងពីការរួមចំណែកតិចតួចអាចនាំឲ្យមានការផ្លាស់ប្តូរដ៏ធំ និងផ្លាស់ប្តូរជីវិតរបស់ពួកគាត់ទាំងស្រុង។ អ្នកស្រីបន្តថា៖ «ទោះបីខ្ញុំមិនមានប្រាក់គ្រប់គ្រាន់ក៏ដោយ ខ្ញុំនឹងគាំទ្រយុទ្ធនាការ ៤០០០រៀល ព្រោះមនុស្សជាច្រើនបានស្លាប់ដោយសារគ្រាប់មីន»

ជាមួយគ្នានេះ អ្នកស្រី គង់ ឆារ៉ាត់ អាយុ ៦៧ ឆ្នាំ បាននិយាយថា ដើម្បីបោសសម្អាតមីន អ្នកស្រីនឹងចូលរួមចំណែកបើទោះជាអ្នកស្រីខ្វះខាតក៏ដោយ។ លោកស្រីថា «ខ្ញុំប្រាកដថាទឹកចិត្តបន្តិចបន្តួចអាចនាំមកនូវការផ្លាស់ប្តូរដ៏ធំធេង។ ខ្ញុំចង់ឃើញសុបិន្តដែលឃើញភូមិខ្ញុំគ្មានមីនក្លាយជាការពិត។ ហើយខ្ញុំដឹងថាអ្នករាល់គ្នាមានសុបិនដូចគ្នានឹងខ្ញុំ»

សូមជម្រាបថា គ្រាប់មីនប្រមាណ ៤ ទៅ ៦ លានគ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (UXO) ផ្សេងទៀត ត្រូវបានទុកចោលពាសពេញប្រទេសបន្ទាប់ពីសង្រ្គាមរយៈពេលបីទសវត្សរ៍ក្នុងប្រទេសកម្ពុជាបានបញ្ចប់ នៅឆ្នាំ១៩៩៨។

យោងតាម CMAA ប្រទេសកម្ពុជាបានបោសសម្អាតគ្រាប់មីន និងសំណល់សង្គ្រាម (ERW) លើផ្ទៃដីទំហំ ២,៣៧៩ គីឡូម៉ែត្រការ៉េ ដោយបានបំផ្លាញមីន ជាងមួយលានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២៦,០០០ និងគ្រាប់ ERW ជិតបីលាន នៅចន្លោះឆ្នាំ ១៩៩២ និងខែមេសា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅខ្វះថវិកាជាង ៦៥ លានដុល្លារអាមេរិកទៀត ដើម្បីបោសសម្អាតគ្រឿងផ្ទុះដែលនៅសេសសល់ និងបង្កើតដីស្រែចំការជូនប្រជាពលរដ្ឋ៕