(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូជំនាញចុះត្រួតពិនិត្យទំហំ នៃការខូចខាតដំណាំស្រូវ និងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដើម្បីចាត់វិធានការបន្ទាន់ស្តារឡើងវិញ ឱ្យទាន់ពេលវេលា។

ជាក់ស្តែងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការខូចខាតដោយទឹកជំនន់ និងវិធានការស្តារឡើងវិញ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក ជា សុមេធី អភិបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរ ក្រុង ស្រុកទាំង១៣ផងដែរ។

នៅក្នុងឱកាសនោះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍អំពីលទ្ធផលរបស់រដ្ឋបាលក្រុងស្រុកថា តាមរបាយការណ៍បឋម ដោយគិតចាប់ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទូទាំងខេត្តព្រៃវែង ផលប៉ះពាល់ដំណាំស្រូវដោយជំនន់ទឹកភ្លៀង មានចំនួន ៦,៣៤៩ហិកតា ខូចខាតចំនួន ៤,៥១១ហិកតា និងដំណាំរួមផ្សំចំនួន ១,២៤៣ហិកតា ហើយត្រូវការពូជស្រូវជាបឋមដើម្បីស្ដារឡើងវិញប្រមាណជិត ៥០០ តោន។

លោក ហាស់ សារ៉េត បានលើកឡើងថា ក្រុមការងាររបស់លោកត្រូវបានបង្កើតឡើងដើម្បីសហការជាមួយរដ្ឋបាលខេត្តព្រៃវែង ក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ដើម្បីអាចផ្ដល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិករដែលបានរងគ្រោះ។

លោកបានបន្ថែមថា ការចុះវាយតម្លៃនេះ ដើម្បីអាចស្ដារដំណាំឡើងវិញទាន់ពេលវេលា និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ដើម្បីពន្លឿនការពិនិត្យ និងវាយតម្លៃស្ថានភាព ជាក់ស្ដែងនៃផលប៉ះពាល់ ការខូចខាត លទ្ធភាពស្ដារឡើងវិញដំណាំស្រូវ និងដំណាំ រួមផ្សំដែលរងគ្រោះដោយសារទឹកជំនន់ ដោយសហការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង បម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត និងលទ្ធភាពស្ដារឡើងវិញដំណាំដែលរងគ្រោះដោយសារទឹកជំនន់។

លោក ហាស់ សារ៉េត បានបន្ថែមថា ក្រសួងកសិកម្ម បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីផ្ដល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីស្តារឡើងវិញឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមយន្តការដែលមានចែងក្នុងអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា រាយការណ៍ជាប្រចាំអំពីសកម្មភាពការងារដែលបានអនុវត្តជូនក្រសួង។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ក៏បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យកសិកម្មស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះពិនិត្យ តាមដាន និងផ្ដល់នូវលទ្ធផលនៃការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំរបស់កសិករនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមកថ្នាក់ខេត្ត និងថ្នាក់ក្រសួងឱ្យបានទាន់ពេលវេលា និងផ្ទៀងផ្ទាត់ ដើម្បីប្រមូលទិននៃជាក់ស្ដែងក្នុងការស្នើសុំគ្រាប់ពូជជូនដល់គាត់ឱ្យបានទាន់ពេលវេលា។

បន្ទាប់ពីកិច្ចប្រជុំចប់ លោក ហាស់ សារ៉េត បានដឹកនាំក្រុមការងារចុះផ្ទាល់ដល់ទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយផ្ទាល់ផងដែរ៕