(តាកែវ)៖ នៅចំពោះមុខពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ លោក ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជាមហាវីរបុរសសង្គ្រោះជាតិ និងប្រជាពលរដ្ឋកម្ពុជា ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាស្ថានិកសន្តិភាពយ៉ាងពិតប្រាកដ។
ការថ្លែងបែបនេះរបស់លោក ណុប រ័ត្ននិមល បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ប៉ែន ចន្នី ក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៅក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសដង្ហែអង្គកឋិនទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសីហរតនារាម នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។
លោក ណុប រ័ត្ននិមល បានបន្តថា «សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូក និងបានចំណាយសាច់ស្រស់ឈាមស្រស់បានលះបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុ ល ពត បានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិពិតប្រាកដទូទាំងប្រទេស ព្រមទាំងជំរុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ»។
ជាមួយគ្នានេះដែរ លោកបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ ជាសកលសម្ដេចបានស្វែងរកជំនួយវ៉ាក់សាំង ពីបណ្ដាលប្រទេសជាមិត្ត និងបានបញ្ជាទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិកាជូនដល់កម្មកររោងចក្ រនិងប្រជាពលរដ្ឋក្រីក្រ។ រហូតមកដល់សព្វថ្ងៃនេះ អត្រាការឆ្លងជំងឺកូវីដ១៩ មានការថតចុះយ៉ាងទាបបំផុត ហើយគ្មានអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានបើកសេដ្ឋកិច្ចជាតិឡើងវិញធ្វើឱ្យប្រជាពលរដ្ឋមានការងារចំណូលរស់នៅជាប្រក្រតីជាធម្មតា។
លោក ណុប រ័ត្ននិមល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ល្អបានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ សម្ដេច ជាជាវីរបុរសរបស់កម្ពុជាពិតប្រាកដ ជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដីមិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរ អធិបតេយ្យភាពជាតិជាមួយ និងផលប្រយោជន៍បរទេសឡើយ»។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ណុប រ័ត្ននិមល បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាព និងបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃប្រៀបបានដូចបំពង់អុកស៊ីសែន សម្រាប់ដកដង្ហើមសម្រាប់មនុស្សជាតិលើពិភពលោក។ ប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។
លោក ណុប រ័ត្ននិមល ក៏បាននាំមកនូវអំណាយបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្ករ ២០០គីឡូក្រាម មី១០កេស ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ប៊ីចេង២គក្រ ទឹកសុទ្ធ១០កេស ត្រីខ១កេស ទឹកក្រូច១០កេស ប្រគេនបច្ច័យសង្កត់ត្រ័យចំនួន១០០លាន ៩៩ម៉ឺនរៀល សម្រាប់បន្តកសាងសមិទ្ធផលក្នុងវត្ត ឧបត្ថម្ភជូនដល់ព្រះសង្ឃសូត្រស្ដាំនិងឆ្វេង អាចារ្យគណៈកម្មការវត្ត ប្រគេនព្រះសង្ឃ ១៧១អង្គផងដែរ៕