(ភ្នំពេញ)៖ ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បានប្រកាសជំរុញឱ្យសហគមន៍អាស៊ានរួមគ្នាអនុវត្តកិច្ចការអាទិភាពមួយចំនួន ដែលជាយុទ្ធសាស្ត្រប្រកបដោយសក្ដានុពលក្នុងការស្ដារវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់។

ការជំរុញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។

សម្ដេចតេជោបានឱ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត និងវប្បធម៌ ក៏ជាយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពល ក្នុងការជំរុញការស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញ ជាពិសេសជួយដល់វិស័យទេសចរណ៍ដែលទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ជំរុញសហគ្រិនភាព ធុរកិច្ចថ្មី និងឌីជីថលូបនីយកម្ម សំដៅគាំទ្រដល់ការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងពង្រឹងគុណតម្លៃនៃសហគមន៍អាស៊ាន។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការចូលរួមជំរុញការអនុវត្តនូវសេដ្ឋកិច្ចច្នៃប្រឌិត ការពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រជាជន និងប្រជាជន ការជំរុញនិងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាពង្រឹងនិងពង្រីកសហគ្រិនភាព ការជំរុញនិងបង្កើតឱ្យមានធុរកិច្ចថ្មីៗ ព្រមទាំងការពង្រឹងនិងពង្រីកឌីជីថលូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនេះហើយ គឺជាកិច្ចការអាទិភាពក្នុងការចូលរួមស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ ដែលជាកាតាលីករឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

សម្ដេចតេជោប្រធានអាស៊ានបានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងភាពសម្រប ដើម្បីលើកស្ទួយសេដ្ឋកិច្ច វប្បធម៌ និងភាពច្នៃប្រឌិត។

លើសពីនេះទៀត សម្ដេចតេជោក៏បានជំរុញឱ្យបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។

សម្ដេចបានបន្ថែមថា យុវជនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ នៅក្នុងបរិបទឧស្សាហកម្ម៤.០ផងដែរ ដែលនឹងក្លាយជាកាតាលីករនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀថា ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់យើងឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ កម្ពុជាបានរៀបចំឡើងកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នៅខេត្តសៀមរាបនាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឱ្យយុវជនអាស៊ានផ្លាស់ប្តូរទស្សនៈជាមួយនឹងអ្នកធ្វើគោលនយោបាយ និងដៃគូសន្ទនាចម្បងៗផ្សេងទៀត។ ទន្ទឹមនេះកម្ពុជាក៏បានផ្តួចផ្តើមរៀបចំដាក់ចេញនូវសេចក្ដីថ្លែងការណ៍មេដឹកនាំអាស៊ានស្ដីពីឆ្នាំនៃយុវជនអាស៊ាន ២០២២៕