Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ (Video inside)

13-10-2022 11:31

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះផងដែរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការបន្តពង្រឹង ការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណ អាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជន ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យុវជនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ នៅក្នុងបរិបទឧស្សាហកម្ម ៤.០ ផងដែរ ដែលនឹងក្លាយជាកាតាលីករ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់យើង ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ កម្ពុជាបានរៀបចំឡើងកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឲ្យយុវជនអាស៊ានផ្លាស់ប្តូរ ទស្សនៈជាមួយនឹងអ្នកធ្វើគោលនយោបាយ និងដៃគូសន្ទនាចម្បងៗផ្សេងទៀត។

ទន្ទឹមនេះ កម្ពុជាក៏បានផ្តួចផ្តើមរៀបចំដាក់ចេញនូវ «សេចក្ដីថ្លែងការណ៍មេដឹកនាំអាស៊ាន ស្ដីពីឆ្នាំនៃយុវជនអាស៊ាន ២០២២»។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា សម្រាប់ពិធីបើកផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងពិធីបិទ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងបើកការប្រកួតនាថ្ងៃទី០៣ និងបិទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជា ខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះ ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឲ្យប្រទេសកម្ពុជា មិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ៕