(កោះកុង)៖ លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចែកដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៩គ្រួសារ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលតាមដងព្រែក និងតាមជើងភ្នំ ស្ថិតនៅភូមិតានង ឃុំអណ្តូងទឹក។
លោកអភិបាលស្រុក បានពាំនាំសារផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចង្អុលបង្ហាញពីលោកស្រីអភិបាលខេត្ត ដើម្បីជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងក្រើនរំឮកដល់ពួកគាត់ឱ្យប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងខ្យល់ព្យុះធ្លាក់ខ្លាំង ជាពិសេសត្រូវចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុតពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកតែងតែណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះនានា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់ស្បៀងអាហារ ដែលមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរនោះឡើយ។
លោក ក្រូច បូរីសីហា បានបន្ថែមថា នៅពេលប្រជាពលរដ្ឋ បានជួបគ្រោះភ័យ ឬហេតុការណ៍ណាមួយសូមបងប្អូនផ្តល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរស្រុក ដើម្បីឱ្យអាជ្ញាធរចុះមកជួយភ្លាមៗ មិនថាយប់ ឬថ្ងៃ ឬមានព្យុះភ្លៀង នោះឡើយ ក្នុងនាមអាជ្ញាធរត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួចផុតគ្រោះថ្នាក់ដោយមិនគិតពីសាសនា ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។
បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សូមអញ្ជើញទៅចូលរួមចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា តាមពីដូសដូសមូលដ្ឋាន រហូតដល់ដូសជំរុញ នៅតាមមណ្ឌលសុខភាព ឬទីតាំងដែលអាជ្ញាធរបានរៀបចំជូន ដើម្បីបង្កើតភាពស៉ាំក្នុងសហគមន៍។
សូមបញ្ជាក់ថា អំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ដែលនាំទៅប្រគល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម មុី១កេស និងគ្រឿងឧបភោគ បរិភោគ ជែលលាងដៃ និងប៊ិច សៀវភៅ សម្រាប់ចែកជូនដល់សិស្សានុសិស្សផងដែរ៕