(ព្រះវិហារ)៖ លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋ នៅស្រុកជ័យសែន និងស្រុករវៀង ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ។

លោក ចាន់ ចេស្តា បានឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង និងផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងនាមគណៈកម្មការគ្រោះមហន្តរាយខេត្ត គឺមានផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់មានចំនួន ៩,៨០០ហិកតា។ គិតមកដល់ថ្ងៃនេះចំពោះស្រុកជ័យសែន និងស្រុករវៀង ដែលយើងចុះពិនិត្យជាក់ស្តែងប៉ះពាល់ផ្ទៃដីស្រែចំនួន ២,៣០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ ពិសេសផ្តោតលើដំណាំដំឡូងមីខូចរហូតចំនួន ២,៤០០ហិកតា។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានបន្តថា ក្រោយពិនិត្យឃើញជាក់ស្តែង ក្នុងនាមប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក តាមរយៈលោកអភិបាលខេត្តព្រះវិហារ រង់ចាំទទួលនូវសំណើររបស់ប្រជាពលរដ្ឋ ហើយក៏បានជួបប្រជាពលរដ្ឋតាមឃុំមួយចំនួននៅស្រុកជ័យសែន និងស្រុករវៀង ឃើញថាផ្ទៃដីស្រូវដែលខូចខាតនេះ សម្រាប់ចុងរដូវគាត់មានបញ្ហាមួយ ពេលដែលឱ្យពូជស្រូវមក គាត់មិនអាចធ្វើស្រូវបានដោយសារអត់មានប្រភពទឹក ប៉ុន្តែស្រាប់ពូជស្រូវនេះគាត់ថាបើមិនអាចធ្វើចុងរដូវវស្សាបាន គឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយ។

លោក ចាន់ ចេស្តា នឹងពាំនាំនូវសំណើររបស់ប្រជាពលរដ្ឋ ជូនប្រមុខរាជរដ្ឋាភិបាលតាមរយះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ប៉ុន្តែលោកបានផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋ បើគាត់មិនធ្វើស្រូវទេ គឺអាចជ្រើសរើសយកនូវពូជដំណាំរួមផ្សំនិងបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្មមានរហូតដល់១៦មុខ សម្រាប់យកទៅផលិតនៅក្នុងដីដែលអាចធ្វើបានដោយប្រើប្រាស់ទឹកតិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបើសិនជាច្រើនអាចលក់បាន។

ដោយឡែកលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ តំណាងឱ្យប្រជាពលរដ្ឋខេត្តព្រះវិហារ លោកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ប្រតិភូក្រសួងកសិកម្ម និងប្រតិភូក្រោមការចង្អុលបង្ហាញពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះសិក្សាពីផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តព្រះវិហារ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្ទៃដីដំណាំស្រូវ និងដំណាំរួមផ្សំរបស់ប្រជាកសិករខេត្តព្រះវិហារ ដែលរងការខូចខាតដោយទឹកជំនន់មានចំនួន ៩,៨០០ហិកតា។ ក្នុងនាមប្រជាពលរដ្ឋខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងដោយក្តីរំភើបរីករាយ ដែលសម្តេចតេជោ បានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះកសិករដែលរំពឹងលើដំណាំដែលជាចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ ហើយប្រជាពលរដ្ឋក៏បានសំដែងនូវការសប្បាយចិត្ត ដែលសម្តេចតេជោ បានបញ្ជូនប្រតិភូមកជួយអន្តរាគមន៍ជូនពួកគាត់ ធ្វើឱ្យពួកគាត់រីករាយទទួលយក ពូជដំណាំដើម្បីយកទៅដាំដុះក្រោយទឹកស្រកចុះទៅវិញ និងនៅឆ្នាំក្រោយ។

លោក គីម រិទ្ធី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងនៅកៀកជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកនូវសំណូមពរទាំងឡាយ ពិសេសមិនឱ្យប្រជាពលរដ្ឋដាច់ស្បៀងដោយអាជ្ញាធរមិនបានដឹង។ហើយលោកអភិបាលខេត្តក៏បានគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស និយាយដោយឡែកពលរដ្ឋទូទាំងខេត្តព្រះវិហារ៕