(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងបញ្ជាក់ថា ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្កម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស។
សម្តេចតេជោបន្តថា ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស ត្រូវធ្វើឡើងតាមរយៈសកម្មភាពសំខាន់ៗចំនួន៣រួមមាន៖ ១. ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាព ដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយ, ២. ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និង៣. ការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ នៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោបានលើកឡើងទៀតថា បទពិសោធពីជំងឺកូវីដ១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ក្នុងន័យនេះ សម្តេចសង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត «សេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន»។
សម្តេចបន្ថែមថា ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និងសុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ។ ដូច្នេះអាស៊ានត្រូវបន្តគាំទ្រ និងជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលបានដាក់ចេញក្នុង "សេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់៖ ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន។
សម្តេចលើកឡើងទៀតថា ដោយមើលឃើញពីសារៈសំខាន់នៃ ការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលជំនាញ និងការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ កម្ពុជាបានផ្តួចផ្តើមរៀបចំសេចក្តីណែនាំអំពី «ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និងយុវជនទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។
ជាមួយគ្នានេះ ជំងឺកូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឱ្យទៅជាការអប់រំបែបឌីជីថលមួយជំហានរួចហើយ។ ក្នុងបរិការណ៍នៃការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល អាស៊ានគួរតែខិតខំបន្ថែមទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ។ សម្តេចមានសុទិដ្ឋិនិយមថា ថ្នាក់ដឹកនាំអាស៊ាននឹងអនុម័ត «សេចក្តីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ នៅក្នុងខែវិច្ឆិកាខាងមុខនេះ៕