(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោង និងសហការី បាននាំយកអំណោយជាស្បៀងអាហារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋ១៥០គ្រួសារ នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរងគ្រោះដោយទឹកជន់ទឹកភ្លៀង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

លោកបានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ៗ លើអាជ្ញាធរមូលដ្ឋានកងកម្លាំងទាំង៣ ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលតែងតែកើតមានឡើងតាមបណ្តាមូលដ្ឋាន ត្រូវតែបង្ក្រាបឲ្យបានជាដាច់ខាតមិនមែនជាពេលត្រូណែនាំទៀតទេ គឺត្រូវបញ្ចប់ល្បែងស៊ីសងឲ្យខានតែបាន។

លោកក៏បានសុំឲ្យមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលមានបានរងគ្រោះដោយទឹកជំនន់នេះ ដែលមានជីវភាពប្រសើរឡើងហើយនោះ កុំមានការអាក់អន់ស្រពន់ចិត្តជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ព្រោះការចែកជូនពេលនេះ សម្រាប់តែបងប្អូនដែលរងគ្រោះ ហើយកំពុងមានជីវភាពខ្វះខាតប៉ុណ្ណោះ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ និងជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ផងដែរ៕