ទីបំផុតអ៊ីរ៉ង់ ក្លាយជាប្រទេសក្នុងមួយចំណោម៥ ដែលមានមីស៊ីលសមត្ថភាពខ្លាំងបំផុតលើលោក
08-06-2016 23:05
(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់នៃយោធាអ៊ីរ៉ង់ បានប្រកាសថាជាផ្លូវការថា ប្រទេសរបស់ខ្លួន អាចផលិតមីស៊ីល ដ៏មានអានុភាពខ្លាំងក្លាពិតប្រាកដ ដែលអាចនិយាយបានថា មួយក្នុងចំណោម៥ នៅលើសកលលោកយើងនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។
អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការយោធាលោក Ahmad Vahidi បានថ្លែង ឲ្យដឹងថា ឧស្សាហកម្មផលិតគ្រាប់មីស៊ីល ប្រកបដោយសមត្ថភាពខ្ពស់ ដែលអ៊ីរ៉ង់សម្រេចបាន នាពេលនេះ វាពិតជាធ្វើឲ្យសត្រូវអ៊ីរ៉ង់ទាំងអស់ ព្រឺក្បាលជាក់ជាមិនខាន។ វាក៏ជាការព្រមានមួយដែរ ដល់សង្គ្រាមដែលអ៊ីស្រាអែល តែងតែបង្កើតឡើងប្រឆាំងនឹងតំបន់ហ្គាសា ព្រមទាំងលីបង់។
គួរបញ្ជាក់តាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ថា មីស៊ីលប្រភេទខាងលើនេះ ក៏ជាឧបករណ៍សំខាន់ក្នុងការរុញ ច្រានផ្កាយរណប ទៅកាន់ទីអវកាសផងដែរ ដោយអ៊ីរ៉ង់មិនចាំបាច់ពឹងលើគ្រាប់រ៉ុក្កែតពីប្រទេស មហាអំណាចណាមួយទៀតឡើយ។ សហរដ្ឋអាមេរិក ក៏ធ្លាប់ព្រមានអ៊ីរ៉ង់ផងដែរ ចំពោះការដែលទីក្រុង តេហេរ៉ង់ ព្យាយាមផលិតមីស៊ីលប្រភេទនេះ ព្រោះវាជាការគំរាមខ្លាំងណាស់ ដល់សន្តិសុខអន្តរជាតិ៕