(ភ្នំពេញ)៖ ៩ខែ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់រន្ទះបាញ់កើតឡើង ៩៥លើក និងបានសម្លាប់មនុស្ស ៥៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដែលផ្តល់ដោយលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់យ៉ាងដូច្នេះថា «៩ខែ ឆ្នាំ២០២២នេះ ក៏មានគ្រោះថ្នាក់រន្ទះ កើតឡើង ៩៥លើក ខូចខាតផ្ទះ ២២ខ្នង មនុស្សស្លាប់ ៥៣នាក់ មនុស្សរបួស ៤៩នាក់ និងងាប់គោ/ក្របី ៨៤ក្បាល»។
របាយការណ៍ដដែលបានឲ្យដឹងបន្តថា ៩ខែ ឆ្នាំ២០២២ មានករណីខ្យល់កន្ត្រាក់ ១៥៦លើក ធ្វើឲ្យផ្ទះរលំ ៩៤៣ខ្នង ផ្ទះរបើកដំបូល ៣២០១ខ្នង ខូចខាតសាលារៀន ៣៨ខ្នង ខូចខាតតូប/ផ្សារ ១៣កន្លែង ខូចខាតអគាររដ្ឋបាល ២១កន្លែង ធ្វើឲ្យមនុស្សស្លាប់ ៣នាក់ ធ្វើឲ្យមនុស្សរបួស ៥៩នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ស្អែកនេះ ដោយបានថ្លែងថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់ដល់កម្ពុជានូវការចងចាំ ពីប្រទេសមានគ្រោះមហន្តរាយធំធេង បង្កដោយសង្គ្រាម មកជាប្រទេសមានសន្តិភាពពេញលេញ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់កម្ពុជា ជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់ លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ «រួមគ្នាដើម្បីលើកកម្ពស់ តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជឿជាក់ថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ នឹងផ្ដល់ដល់យើងនូវការចងចាំនូវដំណើរវែងឆ្ងាយដែលយើងបានឆ្លងកាត់ពីប្រទេសមានគ្រោះមហន្តរាយធំធេង បង្កដោយមនុស្សគឺ «សង្គ្រាម» មកជាប្រទេសមានសុខសន្តិភាពពេញបរិបូណ៌ និងមានមោទកភាពក្នុងនាមជាប្រជាជាតិមួយ នៅពេលដែលយើងបន្តដំណើររួមគ្នាទៅមុខ ប្រកបដោយអភិវឌ្ឍនភាពឥតឈប់ឈរ និង គ្មានគ្រោះមហន្តរាយ»។
ដើម្បីជាការដាស់តឿន ក្រើនរំលឹកអំពីការយល់ដឹង និងអំពីកាតព្វកិច្ចម្នាក់ៗ ចំពោះការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ ដោយចាត់ឱ្យមានមីខ្ទីងអបអរសាទរជាការជួបជុំក្នុងកម្រិតមួយសមល្មម ក្នុងកាលៈទេសៈនៃសភាពការណ៍ជំងឺកូវីដ-១៩ ដោយរៀបចំផ្សព្វផ្សាយជាបដា ផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនូវខ្លឹមសារអប់រំ ជូនដល់ជនរួមជាតិបន្ថែមទៀត៕