(ភ្នំពេញ)៖ តបតាមការណែនាំរបស់ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ក្នុងការដោះស្រាយជូនបងប្អូន ដែលបានសំណូមពរតាមរយៈប្រព័ន្ធអេឡិចត្រូនិចទំនាក់ទំនងបណ្តាញសង្គម Facebook ស្តីពីការកកស្ទះចរាចរណ៍នៅតាមបណ្តាផ្លូវមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ជាក់ស្តែងនៅរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថានតាមតំបន់អាជីវកម្មរបស់បងប្អូនអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវសុធារសកែងផ្លូវ១៨៤ ផ្លូវលេខ១៥ កែង១៣០ ផ្លូវលេខ ៥ កែង១៣៦ និងតាមបណ្តាផ្លូវមួយចំនួនទៀតដែលបានប្រកបអាជីវកម្មមិនរៀបរយតាមការណែនាំដូចជាមានការចតទោចក្រយានយន្ត នៅលេីទ្រូងផ្លូវ ការលក់ដូររំលោភលេីចិញ្ចើមផ្លូវ ការចតម៉ូតូកង់បី នៅលេីទ្រូងផ្លូវជាដើម។
ជាការពិតណាស់ការងារសណ្តាប់ធ្នាប់ជាការងារស្មុគស្មាញសម្រាប់អាជ្ញាធរមូលដ្ឋាន តែបេីទោះបីជាយ៉ាងណាក៏ដោយក៏អាជ្ញាធរខណ្ឌដូនពេញនៅតែបន្តអនុវត្តឲ្យបានដូចភ្លៀងរលឹម ក្នុងគោលបំណងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក៏ដូចជាភ្ញៀវជាតិ អន្តរជាតិមកកំសាន្តនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ព្រោះខណ្ឌដូនពេញជាទីប្រជុំជនដែលមានតំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍សំខាន់ៗមានជាអាទិ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ សារមន្ទីរជាតិជាដេីម។
ដូច្នេះការរៀបចំសណ្តាប់ធ្នាប់គឺជារឿងសំខាន់ចាំបាច់បំផុតមិនត្រូវរយាលដៃនោះទេ ហើយក៏មិនអាចខ្វះការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។ ដូចនេះក្នុងនាមអាជ្ញាធរមូលដ្ឋានសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការល្អជាមួយអាជ្ញាធរ ក្នុងការវេចខ្ចប់សំរាម ការចេញសំរាមតាមកាលបរិច្ឆេទត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ៕