(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងពីមរណភាពលោក សុខ សារេត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា លោក សុខ សារេត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានទទួលមរណភាពកាលពីថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
សពលោក សុខ សារេត ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ភូមិរំចេក០៤ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សេចក្តីជូនដំណឹងនេះ ជាការគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ ដើម្បីជូនជ្រាប និងចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិមិត្តនៃសព៕