(បន្ទាយមានជ័យ)៖ ប្រជាកសិករ ដែលភ្ជួរដីដាំដំឡូង បានប្រទះឃើញរណ្តៅ ក្នុងចំការឃើញគ្រាប់មីន មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅចំនុចព្រៃទ្រនាប់តាសី ជិតភ្នំចង្ក្រានយក្ស ភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំប្រទល់ ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះទៅពិនិត្យដល់ទីតាំងរណ្តៅគ្រាប់តែម្តង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្រុមមន្ត្រីជំនាញបានឲ្យដឹងថា គ្រាប់ម៉ឺនតោន មានចំនួន៤គ្រាប់ និងគ្រាប់ផ្សេងៗជិត១០០គ្រាប់ឯណោះ គ្រាប់ប្រភេទទាំងអស់នេះសុទ្ធតែ នៅអាចយកទៅប្រើការបាន ដោយមានគុណភាព៨០ភាគរយ ដូច្នេះវាអាចផ្ទុះគ្រប់ពេល។
លោក សួន បវរ អភិបាលខេត្តក៏បានថ្លែងអំណរគុណ ដល់ប្រជាកសិករដែលបាន ចូលរួមរាយការណ៍ពីគ្រាប់ទាំងអស់នេះ លោកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ បើបានឃើញគ្រាប់មិនទាន់ផ្ទុះ ឬសង្ស័យអ្វីពាក់ព័ន្ធបញ្ហាខាងលើនេះ ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសសូមកុំប៉ះពាល់ ឬយកកែច្នៃរ និងដំលេង ព្រោះវាអាចផ្ទុះស្លាប់គ្រប់ពេល។
មន្ត្រីជំនាញដដែលបានបញ្ជាក់ថា ភូមិសាស្ត្រនេះ គឺជាតំបន់សមរភូមិប្រយុទ្ធ យ៉ាងក្តៅគគុក រវាងទ័ពរដ្ឋកម្ពុជា ជាមួយនឹងទ័ពខ្មែរក្រហម៕