(កំពង់ឆ្នាំង)៖ លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន និងមន្ត្រីបម្រើការនៅក្នុងស្ថាបន័អយ្យការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង និងលោក គុយ សុផល ចែកជូនប្រជាពលរដ្ឋនៅឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក អុិត សុធា ក៏បានពាំនាំនូវសារដ៏ល្អពីតុលាការ ប្រទេសបារាំង ដែលបានកាត់ក្តីផ្តល់ភាពយុត្តិធម៌ និងភាពស្អាតស្អំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្រុកបរិបូរណ៌ ឱ្យបានដឹងផងដែរ។
លោក អុិត សុធា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន បានធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជីវភាពធូរធាសុខភាពរឹងមាំ ពិសេសពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ទទួលបានវ៉ាក់សាំងដូសមូលដ្ឋានស្ទើរគ្រប់ក្រុមគ្រួសារ នេះក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យចៀសផុតពីការឆ្លងរាលដាលជំងឺដ៏កាចសាហាវមួយនេះ ដោយមិនប្រកាន់និន្នាការនយោបាយ ឬជនបរទេសនោះឡើយ។
ជាមួយគ្នានេះដែរ លោកព្រះរាជអាជ្ញា បានបន្តថា សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសបានគិតគូរពីប្រទេសជាតិ គិតគូរពីប្រជាជន ធ្វើយ៉ាងណាឱ្យប្រទេសរួចផុតពីភាពក្រីក្រ ប្រជាជនមានភាពសម្បូរសប្បាយរុងរឿង មានការរីកចម្រើន និងមានជីវភាពធូរធា រក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។
លោក អ៉ិត សុធា បានគូសបញ្ជាក់ថា៖ «សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ មានបេះដូងប្រកាន់ភាពសច្ចយុត្តិធម៌ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា តួយ៉ាងដូចជាមេធាវីបារាំង ការពារក្តីរឿងបរិហាកេរ្តិ៍ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការសម្រេចរបស់តុលាការបារាំង បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីការសម្រេចរបស់តុលាការបារាំង ដោយអះអាងថា អ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ តុលាការកត់សម្គាល់ថា ជនជាប់ចោទ សម រង្ស៉ី មិនបានផ្តល់នូវការបញ្ជាក់ ឬកោសល្យវិច័យណាមួយឱ្យបានច្បាស់ នាពេលសវនាការនោះទេ»។
លោក អុិត សុធា បានបន្តថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ប្រជាពលរដ្ឋមានអាយុគ្រប់បោះឆ្នោតអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិចូលរួមបោះឆ្នោតបាននៅតាមមូលដ្ឋានរបស់ខ្លួនដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗត្រូវបំពេញ។ ដូចនេះ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រៀមឯកសារមួយចំនួនដែលត្រូវយកទៅចូលរួមធ្វើការបោះឆ្នោត ដូចជា៖ បណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណប័ណ្ណ។ ប្រសិនបើប្រជាពលរដ្ឋណាមិនទាន់មានបណ្ណបោះឆ្នោត ត្រូវទាក់ទងមេភូមិ មេឃុំក្នុងមូលដ្ឋានរបស់ខ្លួន ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក អុិត សុធា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល, លោក គុយ សុផល, លោក កុល ប៊ុនលី និងលោក សំ ប្រជាមានិត ចំពោះប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេច និងលោកទាំងអស់តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមួលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ ។
សូមបញ្ជាក់ផងដែរថា អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋនាពេលនេះមាន៖ អង្ករ មី ទឹកត្រី ទឹកសុីអីវត្រីខ ទឹកផ្លែឈើគ្រប់មុខ និងថវិកាមួយចំនួន៕