(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០១៦ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ថ្នាក់ដឹកនាំភូមិ សង្កាត់ យុវជន និង ថ្នាក់ដឹកនាំសាលាក្រុងពោធិ៍សាត់ ដើម្បីពង្រឹងការបំពេញការងារប្រចាំថ្ងៃក្នុងអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានគុណធម៌ទៅវិញទៅមក ត្រូវចេះស្រលាញ់រួមសុខរួមទុក្ខជាមួយគ្នា ដូចជាគ្រួសារតែមួយ។
ពិធីសំណេះសំណាលនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសណ្ឋាគារខេអឹម ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង សមាជិកសមាជិកាជាច្រើននាក់ផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យការវិវត្តន៍ដ៏ល្អ នៃសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង សមិទ្ធិផលសំខាន់ៗ ដែលសម្រេចបានជារូបរាងឡើង។
លោកបានលើកឡើងថា បដិវត្តន៍ព័ណ៌នឹងនាំឲ្យមានការបង្ហូរឈាម ហើយវាបំផ្លាញដល់សន្តិសុខជាតិ សេចក្តីសុខ និង ទ្រព្រសម្បត្តិប្រជាពលរដ្ឋ។ លោកបានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ ខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ប៉ុន្តែជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ ។
លោកបានបន្តថា យើងត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តគោលនយោបាយ និងការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ក្នុងការពង្រឹងនីតិរដ្ឋ ព្រមទាំងបន្តផ្ដល់សេវាដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ មិនត្រូវយកលេសពាក្យថាជាប់រវល់ ដើម្បីរកផលប្រយោជន៍ពីប្រជាជននោះទេ។ តួនាទីបុណ្យស័ក្កិរបស់មន្រ្តីរាជការ ពុំមែនកម្មសិទ្ធ ឬ ជាកេរមរតករបស់ឪពុក ម្ដាយ ជីដូន ជីតា ដែលចែកឲ្យនោះទេ គឺបានមកពីការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្តែបើយើងប្រព្រឹត្តអំពើមិនល្អ ប្រជាពលរដ្ឋមិនស្រលាញ់ចូលចិត្ត នោះបុណ្យស័ក្កិនឹងមានការផុយស្រួយណាស់។
ចំពោះការអនុវត្តច្បាប់ គឺច្បាប់មានលក្ខណៈតឹងរឹង ម៉ត់ចត់ ប៉ុន្តែយើងត្រូវមានចរិកលក្ខណៈទន់ភ្លន់ និង បត់បែនទៅតាមស្ថានភាពជាក់ស្ដែង។ ការបំពេញការងារប្រចាំថ្ងៃក្នុងអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានគុណធម៌ទៅវិញទៅមក ជាមួយគ្នាត្រូវចេះស្រលាញ់ រួមសុខរួមទុក្ខជាមួយគ្នា គឺជាការសំខាន់បំផុត ហើយត្រូវគិតថា យើងគឺជាគ្រួសារតែមួយ។
ក្នុងនាមជាមន្ត្រីរាជការ ត្រូវមានភក្ដីភាព ឆន្ទៈ ម្ចាស់ការ ការទទួលខុសត្រូវ និង គោរពនូវវីជ្ជាជីវៈមន្ត្រីរាជការ ឲ្យបានត្រឹមត្រូវ ក្នុងការបម្រើនូវផលប្រយោជន៍ ពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕