(ភ្នំពេញ)៖ ក្រសួងផែនការ បានបង្ហាញមោទនភាពយ៉ាងខ្លាំង ដោយសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍប្រើប្រាស់យ៉ាងទូលំទូលាយ សម្រាប់ការអន្តរាគមន៍គាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ។
ថ្លែងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រឹងវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ នៅសណ្ឋាគារ ហៃយ៉ាត់ រាជធានីភ្នំពេញ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងថា ក្រសួងផែនការពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការអន្តរាគមន៍គាំពារសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ ដូចជា៖
* ចាប់តាំងពីឆ្នាំ២០០៧ ទិន្នន័យគ្រួសារក្រីក្រត្រូវបានប្រើប្រាស់ដោយក្រសួងសុខាភិបាល និងអង្គការនានាសម្រាប់ជាមូលដ្ឋានផ្តល់សេវាសុខភាពជូនដល់គ្រួសារក្រីក្រ។
* ឆ្នាំ២០០៨ នៅពេលកម្ពុជាទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយទឹកជំនន់ គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ត្រូវបានគិតគូរជាពិសេសសម្រាប់អន្តរាគមន៍ជំនួយសង្គមជាការឧបត្ថម្ភស្បៀងអាហារ។
* ទិន្នន័យគ្រួសារក្រីក្រ ត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីស្បៀងពលកម្ម និងការផ្ដល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅថ្នាក់បឋមសិក្សា
* ឆ្នាំ២០១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ ដើម្បីចូលរួមចំណែកនូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ, និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
* ឆ្នាំ២០២០ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
* ហើយក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាបន្ថែមទៀត។
សូមជម្រាបថា ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រឹងវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ អន្តរជាតិ ស្ថានទូត ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៉ីវិល និងស្ថាប័នប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យពាក់ព័ន្ធសរុបប្រមាណ ១៨០រូប ក្រោមកិច្ចគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ GIZ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាបអំពីនីតិវិធី ស្ដីពីការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនប្រសិទ្ធភាពប្រមូល គ្រប់គ្រង និងចែកផ្សាយទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្តរៀបចំផ្ដល់ការគាំទ្រជាជំនួយសង្គមនានា និងឱ្យស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ពិធីនេះក៏ជាការរំលឹកដល់ខួប១៥ឆ្នាំ នៃការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលការកសាងប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រនេះ បានក្លាយទៅជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគាំពារសង្គមកម្ពុជា និងបន្តក្លាយជាយន្តការមួយដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការបន្តជួយដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងប្រទេសកម្ពុជាផងដែរ៕