(ភ្នំពេញ)៖ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានឲ្យដឹងថា លោកមិនដែល ទទួលបញ្ជាពី នួន ជា ឬពីប៉ុល ពត ឱ្យទុកជីវិតទៅ លើ អ្នកទោសជាស្ត្រី និងកុមារ នៅមន្ទីរស-២១ នោះទេ។ លោក ឌុច បានបន្តថា ការសម្រិតសម្រាំង កម្មាភិបាល ក្នុងរបបខ្មែរក្រហមជាពិសេស នៅមន្ទីរស-២១ មានការប៉ះពាល់អារម្មណ៍ ដល់មនុស្សជាច្រើន ក្នុងនោះមានទាំងរូបលោកផងដែរ ដែលមានការភ័យខ្លាចត្រូវគេសម្លាប់។ បើតាម ឌុច អ្នកដែល ត្រូវបានចាប់ខ្លួន និងបញ្ជូនមកកាន់គុកទួលស្លែង  គឺមានឈ្មោះថាជា អ្នកស្លាប់ និងគ្មាននរណាម្នាក់ អាចចេញពីគុកនេះបាន ឡើយ។   

ឌុច ឆ្លើយប្រាប់អង្គជំនុំជម្រះសាលាដំបូងថា៖ «កុំថាតែកូន ថាច់ ជា ដែលគាត់ធ្វើជារដ្ឋមន្រ្តីរបស់ លន់ នល់។ សូម្បីតែកូនបង វន តួនាទីវន វ៉េត ជា សមាជិកអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេ ចាប់បងវន បងវិន (ប្រពន្ធរបស់ វន វ៉េត) ក៏ត្រូវគេចាប់ដែរ។កាលណាបើគេ ចាប់ ឪពុកហើយគឺគេចាប់កូន និង ប្រពន្ធហើយ។ គោលការណ៍នៃការម្ទេចក្រុម​គ្រួសាររបស់អ្នក​ទោសនេះ​ធ្វើឡើង ក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ »។

លោកបានបញ្ជាក់ទៀតថាការចាប់ក្រុមគ្រួសាររបស់អ្នកទោសនេះគឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេច របស់ ប្រធាន គុក ទួលស្លែង ធ្វើឡើងស្រេចតែចិត្តនោះទេ។ លោកថ្លែងថាប្រសិន​បើមន្ទីរស-២១ធ្វើដោយខ្លួនឯង នោះប្រធានមន្ទីរស-២១ អាចកំបុតក។ លោកក៏បានបញ្ជាក់ថា លោកក៏ធ្លាប់មានបទពិសោធន៍ ក្នុងការជួយក្មេងៗមួយចំនួនផងដែរ ប៉ុន្តែមានការលំបាកយ៉ាងខ្លាំងព្រោះការចិញ្ចឹមក្មេងត្រូវ មានមនោសញ្ចេតនា។

ឆ្លើយសំណួរ របស់សហព្រះរាជអាជ្ញារងអន្តរជាតិ ដាល់ លីសាក់ ដែលសួរថា តើមានមូលហេតុអ្វីបាន ជាគេចាប់ប្រពន្ធ កូនរបស់ខ្មាំង លោក ឌុច បានឆ្លើយថា នេះគោលជំហររបស់បក្សកុម្មុនីស្តកម្ពុជា ដែលផ្ទុយ ពីពុទ្ធឱវាទ ដែលថាពាក្យត្រូវរំងាប់ដោយការមិនចងពៀរ គឺគោលការណ៍បក្ស កុម្មុយនីស្តកម្ពុជាបំណុលឈាមត្រូវតែសងដោយឈាម។

លោកបានឭជាញឹកញាប់ពីលោក សុន សេន ដែលថាការកម្ទេចកូនៗរបស់អ្នកទោសចោលដោយ ខ្លាចកូនៗទាំងនោះ ធ្វើការសងសឹក និង ម្យ៉ាងទៀត ដោយសារតែអង្គការគ្មាន​បាយឱ្យក្មេងៗនោះហូប។

លោក ឌុច បានឲ្យដឹងទៀតថា លោកបានទទួល ការណែនាំ ពីមេដឹកនាំ ជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធ របស់អ្នកមានទោស ដោយ លើកឧទាហរណ៍ ចាប់ប្រពន្ធរបស់លោក វន វ៉េត ជាអតីតរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង ប្រពន្ធ របស់ លោក ចេង អន ជាអតីតរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម។ ឌុចបានបន្តថា ក្រៅពីនោះមាន ការបញ្ជា ពីមិត្តប៉ង់ និងមិត្តឌីន ដែលទទួលបញ្ជាពីថ្នាក់​លើឱ្យលោកធ្វើការចាប់ខ្លួន។

ការឆ្លើយរបស់ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានធ្វើឡើង នៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០២ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕