(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីពិនិត្យលើការងារបង្កបង្កេីនផល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងផលប៉ះពាល់ខូចខាតដោយសារទឹកជំនន់ ស្ថិតក្នុងឃុំចំនួន៣ ស្រុកកងមាស។
បន្ទាប់ពីការចុះត្រួតពិនិត្យដោយផ្ទាល់ លោកអភិបាលខេត្ត បានឱ្យដឹងថា ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ បានបង្កឱ្យប៉ះពាល់ដល់ផលដំណាំជាពិសេសដំណាំស្រូវ របស់ប្រជាពលរដ្ឋសរុប ៦៥៦ហិកតា និងខូចខាត ៤៧២ហិកតា ក្នុងឃុំចំនួន៣ គឺឃុំព្រែកក្របៅ ឃុំរាយប៉ាយ និងឃុំកងតាណឹង ស្រុកកងមាស។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទាក់ទងទៅនឹងគ្រោះធម្មជាតិ ដែលធ្វើឱ្យខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋខាងលើ អាជ្ញាធរខេត្តបានប្រមូលទិន្នន័យ ដើម្បីរាយការណ៍ជូនថ្នាក់ជាតិ ស្នើសុំស្រូវពូជយកមកចែកជូនប្រជាពលរដ្ឋដើម្បីធ្វើការដាំដុះឡើងវិញ៕