(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសាទរ និងគាំទ្រចំណាត់ការរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ និងសូមឲ្យអនុវត្តដូចភ្លៀងរលឹម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយក្តីសុខសុវតិ្ថភាព។
ការថ្លែងកោតសរសើរបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានលើកឡើងថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, លោក ឃួង ស្រេង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌសង្កាត់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ក្រាបល្បែងស៊ីសង ទីកន្លែងទិញ លក់ បញ្ចាំ ផលចោរកម្ម នៅក្នុងរាជធានីភ្នំពេញ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អបអរសាទរ គាំទ្រ និងមានប្រជាជនមួយចំនួន បានបាត់របស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានរកឃើញមកវិញ នៅក្នុងយុទ្ធនាការ បង្ក្រាបរបស់អាជ្ញាធរយើងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជាសំណូមពរ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សុំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចបន្តការបង្ក្រាបនេះ ជាបន្តបន្ទាប់ឱ្យដូចភ្លៀងរលឹម។
ជាមួយគ្នានោះ ចំពោះការងារសាធារណការ និងកែលម្អសោភ័ណភាព នៅក្នុងរាជធានីភ្នំពេញ លោកប្រធានក្រុមប្រឹក្សា ក៏បានកោតសរសើរផងដែរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំជំរុញ ការងារថែទាំផ្លូវថ្នល់ និងជួសជុលផ្លូវក្រលុក សំបុកមាន់ នៅដើមផ្លូវជាតិ ចេញពីរាជធានីភ្នំពេញ ចំនួន៦ខ្សែ និងផ្លូវក្នុងរាជធានីភ្នំពេញ ចំនួន៣៤ខ្សែ បានល្អប្រសើរ។
សម្រាប់ការងារបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំណល់ ក្នុងត្រីមាសទី៣នេះជាមធ្យម ការប្រមូលសំរាម មានបរិមាណ ៣៧១៨,៧៩តោន ក្នុងមួយថ្ងៃ ប៉ុន្តែការប្រមូលសំរាមឃើញថា អនុវត្តបានល្អប្រសើរ មិនមានការកកស្ទះ កាកសំណល់ និងសំរាមដែលធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាព និងបរិស្ថានល្អ។
កិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នេះ ដើម្បីពិនិត្យ និងអនុម័តលើររបៀបវារៈមួយចំនួនដូចខាងក្រោម៖
*ទី១៖ សេចក្ដីព្រាងកំណត់ហេតុកិច្ចបប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២
*ទី២៖ សេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ
*ទី៣៖ របាយការណ៍បូកសរុបលទ្ធផលបញ្ចប់គម្រោងស្តីពីការអនុវត្តគម្រោងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្រីក្រក្នុងខណ្ឌគោលដៅទាំង៤ របស់គណ:គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលគាំទ្រដោយអង្គការ UNICEF
៤-បញ្ហាផ្សេងៗ៕