(ភ្នំពេញ)៖ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអន នឹងបើកឲ្យដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សប្តាហ៍ក្រោយនេះ ជាមួយការរំពឹងថា នឹងជួយកាត់បន្ថយផលលំបាករបស់ប្រជាពលរដ្ឋក្នុងផ្លាស់ប្តូរ ឬពន្យារបណ្ណបើកបរ។
ការប្រកាសបង្ហាញកាលបរិច្ឆេទ នៃការដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ក្រសួងសាធា រណការ និងដឹកជញ្ជូន ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។
សូមបញ្ជាក់ថា មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ សាងសង់ទីធ្លាសាធារណៈមួយកន្លែងទំហំ ៤០ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងជាមួយប្រព័ន្ធទិន្នន័យរបស់ក្រសួង ដែលនឹងជួយសម្រួលដល់ការប្តូរ និងពន្យាបណ្ណបើកបរកាន់តែលឿន និង កាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានហៅការបង្កើតមណ្ឌលនេះថា ជាការបង្ខិតសេវាឲ្យ ទៅកាន់តែជិតប្រជាពលរដ្ឋ ហើយការបង្កើតមណ្ឌលនេះ ក៏ជាផ្នែកមួយ នៃផែនការ ១០០ថ្ងៃ ក្នុងការធ្វើកំណែទម្រង់នៅក្រសួងសាធារណការ និង ដឹកជញ្ជូនផងដែរ។
ក្នុងកិច្ចប្រជុំពិភាក្សាលើការងារប្រឈមរបស់ក្រសួងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រួមនិងមន្រ្តី ក្រោមឱវាទ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំការប្រឡងចូលមន្ត្រីរាជការក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធ្វើឱ្យប្រសើរឡើងដល់យន្តការទាំងឡាយ ដែលពាក់ព័ន្ធការអនុវត្តក្នុងប្រឡង ធ្វើយ៉ាងណាបង្ហាញពីតម្លាភាព និងភាពត្រឹមត្រូវ ដើម្បីទទួលបានមន្ត្រីថ្មីប្រកបដោយសមត្ថភាពកាន់តែខ្ពស់ ក៏ដូចជាការកសាងសមត្ថភាព និងការបង្កើនល្បឿន នៃការអភិវឌ្ឍកិច្ចការសាធារណៈ និងវិស័យដឹកជញ្ជូនរបស់ប្រទេសឱ្យមានការរីកចម្រើន៕