(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើឲ្យធនាគារពិភពលោក ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រ ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋនៅតាមជនបទ ដើម្បីជួយដល់ប្រជាពលរដ្ឋជនបទឲ្យមានលទ្ធភាពបង្កើតមុខរបរ និងអាចរកការងារធ្វើសមស្រប សម្រាប់ជួយលើកកម្ពស់ជីវភាព រស់នៅរបស់ពួកគាត់ឲ្យមានភាពល្អប្រសើរ និងឈានទៅកាត់បន្ថយបាននូវការធ្វើចំណាកស្រុក។
ការស្នើរបស់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Alassane Sow នាយកធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនានេះ នាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះលោកនាយក និងគណៈប្រតិភូរួមដំណើរ ព្រមទាំងបានសម្តែងនូវការអរគុណ ចំពោះធនាគារពិភពលោក ដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។
នៅក្នុងជំនួបនេះ លោក Alassane បានសម្តែងនូវការអរគុណចំពោះ លោករដ្ឋមន្ត្រី ក៍ដូចជាមន្ត្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ដល់ធនាគារពិភពលោក និងបានជម្រាបជូន លោករដ្ឋមន្ត្រី ពីដំណើរនៃការរៀបចំគម្រោងអន្តរវិស័យស្តីពី «ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា» ដែលជាគម្រោងមួយត្រូវបានផ្តួចផ្តើមឡើង ដោយផ្អែកទៅលើភាពជោគជ័យនៃការអនិវត្តគម្រោងកេសាណា នាពេលកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ថា នៅក្នុងគម្រោងថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបន្ទុកលើផ្នែកអភិវឌ្ឍន៍ផ្លូវជនបទ ខណៈដែលក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ទទួលបន្ទុកលើផ្នែក ទៅតាមជំនាញរបស់ខ្លួនរាងៗខ្លួន។ គម្រោងនេះបានរៀបចំជាទស្សនទាន និងយុទ្ធសាស្ត្ររួចរាល់ហើយ នៅចាំតែការអនុម័ត ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក នៅពេលខាងមុខឆាប់ៗនេះ។ នៅក្នុងឱកាសនេះដែរ លោក Alassane បានណែនាំ លោកស្រី Inguna Dobraja ដែលនឹងក្លាយជានាយកាថ្មី នៃធនាគារពិភពលោកប្រចាំកម្ពុជា នៅចុងខែកក្កដាខាងមុខនេះ ដោយសារលោក Alassane ត្រូវចូលនិវត្សរ៍ ជូនដល់លោករដ្ឋមន្ត្រី បានស្គាល់ផងដែរ ។
លោកបណ្ឌិតរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងសេចក្តីសប្បាយរីករាយចំពោះ ធនាគារពិភពលោក ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានជោគជ័យ។
លោកបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាស្ថានប័នសំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការទទួលខុសត្រូវលើក ការងារអភិវឌ្ឍន៍ជនបទ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក៕