(ភ្នំពេញ)៖ គណៈប្រតិភូវិនិយោគិនចិន ប្រចាំទីក្រុងសៀងហៃ ដឹកនំាដោយលោក សា ហៃលីន សមាជិកមជ្ឈឹមបក្សកុម្មុយនីសចិន ប្រចាំទីក្រុងសៀងហៃ និងជាប្រធានសមាគមអ្នកវិនិយោគចិននៅសៀងហៃ បានមកសិក្សាស្វែងយល់ពីគម្រោងវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោកស្រីឧបនាយកនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សា ហៃលីន បានបញ្ជាក់ទស្សនកិច្ចនៅក្នុងកម្ពុជា គឺក្នុងគោលបំណងស្វែងយល់ពីគម្រោងវិនិយោគនៅកម្ពុជា។
លោកបញ្ជាក់ថា «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លំាងពីការរីកចម្រើនរបស់កម្ពុជា មានសន្ទុះលឿន និងជាទីទាក់ទាញដល់អ្នកវិនិយោគមិនថាអ្នកវិនិយោគចិននោះទេ សូម្បីតែអ្នកវិនិយោគពីប្រទេសផ្សេងទៀត ក៏ចាប់អារម្មណ៍ផង»។
ក្នុងជំនួបនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ទំនាក់ទំនងចិន និងកម្ពុជា មានរយៈពេលយូរណាស់មកហើយ គឺមុន សម័យអង្គរមកទៀត។ ប្រទេសចិន គឺជាប្រទេសវិនិយោគដ៏ធំមួយ និងជាអ្នកផ្តល់ជំនួសអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។
លោកស្រី បានបញ្ជាក់ថា «តំាងនាមរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍ចំពោះការទស្សនកិច្ចពីការវិនិយោគរបស់ក្រុងសៀងហៃ ហើយនឹងសង្ឃឹមថា គណៈប្រតិភូនឹងបញ្ជូនអ្នកវិនិយោគទន់មកដាក់វិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនទ្វេរឡើយ»។
លោក សា ហៃលីន បានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ ជានិមិត្តរូបពង្រឹងចំណងមិត្តភាពចិន-កម្ពុជា កាន់តែរឹងមាំយូរអង្វែង។
លោកស្រី ម៉ែន សំអន បានបន្តថា អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង លោក ម៉ៅ សេទុង បានពង្រឹងចំណងមិត្តភាពចិន-កម្ពុជាយ៉ាងរឹងមាំ ហើយបន្តការថែរក្សាមិត្តភាពនេះមកដល់សព្វថ្ងៃ។
លោកស្រី បានបញ្ជាក់ថា «កម្ពុជា-ចិន មានកិច្ចសហការល្អលើគ្រប់វិស័យ និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ និងផ្នែកថាមពលអគ្គិសនីជាច្រើនកន្លែង រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តអ្នកវិនិយោគិនចិន នៅកម្ពុជា ដែលបានចូលរួមធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនឆាប់រហ័ស»៕