(ព្រះសីហនុ)៖ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ បានចាត់ឲ្យក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុងចុះបញ្ឈប់សកម្មភាពសាងសង់ជាបណ្តោះអាសន្ន ក្រោយពិនិត្យឃើញថា ការដ្ឋានសំណង់ នៅទីតាំងខាងលើនេះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
កាដ្ឋានសំណង់១កន្លែងនេះ ត្រូវបានសាងសង់បុកគ្រិះលើដីឆ្នេរសមុទ្រ ក្នុងតំបន់ទំបន់រលកដែលស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក ស កក្កដា បានបញ្ជាក់ថា ការដ្ឋានសំណង់នេះ ត្រូវបានសង់ពី២០ ទៅ ៣០ភាគរយហើយ ដោយមិនមានច្បាប់អនុញ្ញាតនោះទេ។ ចំណែកម្ចាស់សំណង់ខាងលើមានឈ្មោះ សួង សុខា (ហៅកៃ) ប្រពន្ធឈ្មោះ ទី ខាន់ ជាអាជីវកររកស៊ីលក់ដូរផលនេសាទនៅតំបន់នោះ។
បច្ចុប្បន្ន ក្រុមការងារចម្រុះបានសម្រេច ធ្វើការផ្អាក មិនអនុញ្ញាតឲ្យធ្វើការសាងសង់សំណង់នេះបន្តទៀតនោះឡើយ។ លោកព្រមានថា បើម្ចាស់សំណង់មិនអនុវត្តតាមការផ្អាករបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ នឹងមានវិធានការតាមផ្លូវច្បាប់៕