(ពោធិ៍សាត់)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្តលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមលក្ខណៈរៀបចំពិធីបុណ្យអុំទូក ឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់។

អនុគណៈកម្មការទាំង០៦ ដែលដឹកនាំដោយលោក លោកស្រី ជាអភិបាលរងខេត្ត រួមមាន៖ អនុគណៈកម្មការរៀបចំទីកន្លែងប្រារព្ធពិធី និងពិពណ៌ មានលោក ពៅ ពិសិដ្ឋ ជាប្រធាន, អនុគណៈកម្មការរៀបចំទូក និងបច្ចេកទេស មានលោក លឹម សុខតូ ជាប្រធាន, អនុគណៈកម្មការរៀបចំពានរង្វាន់ជ័យលាភី ប្រពៃណី និងកិច្ចការសាសនា មានលោកស្រី ប៉ុក ណាឌី ជាប្រធាន, អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន បរិស្ថាន និងអនាម័យ មានលោក សាយ សុជាតិ ជាប្រធាន, អនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានឯកឧត្តម ចេង ឡៃ ជាប្រធាន, និងអនុគណៈកម្មការចំណូលចំណាយ មានលោក គិត សុផា ជាប្រធាន។

ក្នុងឱកាសនោះ លោក ចេង ឡៃ បានថ្លែងថា នៅថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ខេត្តពោធិ៍សាត់យើងនឹងមានការប្រណាំងទូក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ បណ្ដែតប្រទីប តាមប្រពៃណីដូនតាយើង ដែលមានតាំងពីដើមមក។ យើងបានរៀបចំភ្លើងពណ៌ បដា ពាក្យស្លោក ស្ដង់តាំងពិពណ៌ ធុងសំរាម បង្គន់អនាម័យ និងចំណតរថយន្ត ម៉ូតូ យ៉ាងមានរបៀបរៀបរយ ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្តសប្បាយរីករាយ។

អភិបាលខេត្តស្តីទី ក៏សូមឱ្យមន្ទីរធនធានទឹក និងឧតុនិយម គ្រប់គ្រងទឹកស្ទឹងពោធិ៍សាត់ឱ្យបានល្អ ដើម្បីធានាដល់ការប្រណាំងទូកប្រព្រឹត្តទៅដោយរលូន។ ចំពោះសមត្ថកិច្ច ត្រូវពង្រឹងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ដោយឡែកមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយសកម្មភាពជាក់ស្ដែង និងទិដ្ឋភាពទាំងស្រុង តាមវិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ដើម្បីបង្ហាញដល់មហាជនបានដឹង ពីការប្រណាំងទូកនៅខេត្តពោធិ៍សាត់របស់យើង។

ជាមួយគ្នានេះលោក ចេង ឡៃ ក៏បានសុំឱ្យអាជ្ញាធរក្រុងស្រុក មន្ទីរពាក់ពន្ធ និងអភិបាលរងខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយ ធ្វើផែនការស្ដារឡើងវិញ នូវដំណាំស្រូវដែលខូចខាត ដោយគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា ដែលសម្ដេចតេជោយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ ព្រោះវាជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការប្រណាំងទូក នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២២នេះ មានទូកចូលរួមពីបណ្ដាមន្ទីរអង្គភាព ក្រុងស្រុក សរុបទាំងអស់ ចំនួន២៦ទូក គឺស្មើនឹង១៣គូរ៕