(ភ្នំពេញ)៖ គណៈកម្មការរៀបចំការ ប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា លើកទី២ ឆ្នាំ២០១៦ (Cambodia ICT Awards 2016) បានបញ្ជាក់ថា មានក្រុមហ៊ុន និងស្ថាប័នចំនួន ៣២ បានពាក្យចូលរួមប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 ដើម្បីប្រកួតប្រជែង លើវិញ្ញាសារចំនួន៦។
គណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យលើពាក្យស្នើសុំចូលរួមប្រកួតរួចមក ខ្លួនបានរឃើញបេក្ខជនចំនួន២១ ដែលជាប់វគ្គជំម្រុះ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ Cambodia ICT Awards 2016 នឹងត្រូវរៀបចំឡើង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
លើសពីនេះ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម់ោង៥ល្ងាច បេក្ខជនដែលជាប់វគ្គជម្រុះ នឹងតម្រូវឱ្យធ្វើបទបង្ហាញនៅមុខចៅក្រម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីកាត់សេចក្តី ជ្រើសរើសជ័យលាភីប្រចាំឆ្នាំ និងជ័យលាភីតាមវិញ្ញាសារនិមួយៗ។ ហើយចាប់ពីម៉ោង៥៖៣០ល្ងាចថ្ងៃដដែល នឹងមានការប្រកាសជ័យលាភី នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។
សូមជម្រាបថា ការប្រកួត «ពានរង្វាន់ Cambodia ICT Awards 2016» រៀបចំឡើងដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិតច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុន ឯកជន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យ ICT នៅកម្ពុជា។
កម្មវិធីប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 នេះ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា Media Sponsors ដើម្បីផ្សព្វផ្សាយកម្មវិធីនេះ ឲ្យបានទូលំទូលាយផងដែរ៕