(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានស្រាវជ្រាវដោយអនុវត្តតាមដីកាបង្គាប់របស់លោក សែម សក្កកូឡា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចាប់វាយខ្នោះយុវជនម្នាក់ភ្លាមៗ ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ដែលជននេះបានប្រព្រឹត្តកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១១កន្លងទៅ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួន ជនត្រូវជាប់ចោទពីបទហិង្សាដោយចេតនានេះដែរ ត្រូវបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ យោតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ស៊ឹម វឌ្ឍនៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ និងប្រកាសសាលក្រមនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ចំនួន១៨ខែ (ដប់ប្រាំបីខែ)ពីបទហិង្សាដោយចេតនា និងបទល្មើសដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងចំណុចទី៣ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតាមនីតិវិធីមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ។ លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយ ទទួលបានដីកាបង្គាប់ឲ្យចាប់ខ្លួនពីលោក សែម សក្កកូឡា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលមូលដ្ឋានខណ្ឌឫស្សីកែវ បានបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនត្រូវជាប់ចោទពីបទហិង្សាដោយចេតនា ដែលបានរត់គេចខ្លួនជាច្រើនខែឆ្នាំមកហើយនោះបានសម្រេច។ ដូចពាក្យចាស់បូរាណពោលថា មានតែកុកទេ ដែលភ្លេចជុង ប៉ុន្តែជុងពុំដែលភ្លេចកុកឡើយ ខណៈជនត្រូវចោទត្រឡប់មកវិញភ្លេចខ្លួន ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ និងខណ្ឌចាប់ក្របួចវាយខ្នោះតែម្ដង។
លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា ជនត្រូវចាប់ខ្លួនជាប់ ចោទពីបទហិង្សាដោយចេតនាឈ្មោះ ស៊ឹម វឌ្ឍនៈ ហៅណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាកម្មករ ស្នាក់នៅ ផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ទៀតថា ក្រោយចាប់ខ្លួន ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការបញ្ជូនខ្លួនទៅកាន់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕