(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំវក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យលោក Ivo SIEBER ឯកអគ្គរដ្ឋទូតស្វីសនៅកម្ពុជា ដែលមាន និវេសនដ្ឋាននៅថៃ ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលស្វីស ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋាភិបាលកម្ពុជា ។
លោក Ivo SIEBER សម្តែងសេចក្តីសោមនស្សរីករាយក្នុងការចូលជួបសំដែងការគួរសមចំពោះលោកទេសរដ្ឋមន្ត្រី និងបានបង្ហាញការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើបញ្ហាប្រឈមផ្សេងៗ ដែលក្រសួងកំពុងជួបប្រទះ និងបានជម្រាបអំពីកម្មវិធីអភិបាលកិច្ចដីធ្លីនៅតំបន់មេគង្គ ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជា ប្រទេសម៉ីយ៉ាន់ម៉ា ឡាវ វៀតណាម និងប្រទេសកម្ពុជាផងដែរ ក្នុងគោលបំណងជួយកសិករនៅតាមបណ្តាទន្លេមេគង្គឲ្យយល់ដឹងអំពីការប្រើប្រាស់សិទ្ធិជាម្ចាស់ដីធ្លី អនុវត្តគោលនយោបាយនៃកំណែទម្រង់ក្នុងវិស័យដីធ្លីផងដែរ ។
ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តការងារសំខាន់ៗ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស និងការដោះស្រាយទំនាស់ដីធ្លីឲ្យបានឆាប់រហ័ស។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាប្រឈម ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ កំពុងជួបប្រទះ គឺតម្រូវការឧបករណ៍វាស់ដីសម្រាប់មន្ត្រីចុះវាស់វែងដីធ្លី និងជំនួយហិរញ្ញវត្ថុសម្រាប់មន្ត្រីចុះដោះស្រាយទំនាស់ដីធ្លី។ លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យឯកអគ្គរដ្ឋទូតស្វីស ពិនិត្យលទ្ធភាពក្នុងការជួយក្រសួងលើតម្រូវការនេះ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត នឹងបញ្ជូនមន្ត្រីជំនាញសហការណ៍ជាមួយមន្ត្រីរបស់ក្រសួង ដើម្បីពិនិត្យលើតម្រូវការលើបញ្ហាបច្ចេក ទេសតាមសំណើររបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នូវកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការជាមួយក្រសួង ។ ក្នុងនាមក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី នឹងព្យាយាមរឹតបន្តឹងចំណងមិត្តភាពល្អជាមួយក្រសួង ដើម្បីបន្តនូវកិច្ចសហប្រតិបត្តិការជាគុណប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាពលជាតិនៃប្រទេសទាំងពីរ៕