(ភ្នំពេញ)៖ ក្រសួងការបរទេស បានអះអាងថា ខ្លួនបានអន្តរាគមន៍ជួយដល់ស្រ្តីខ្មែរ៣នាក់ទៀត ដែលចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសនៅប្រទេសចិន ឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ស្រ្តីខ្មែរ៣នាក់នោះ មានម្នាក់បានមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមិថុនានេះ ខណៈ២នាក់ទៀត នឹងមកដល់ នៅថ្ងៃទី១៥ ខែមិថុនា។
តាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ បានឱ្យដឹងថា ស្ត្រីរងគ្រោះ៣នាក់នោះ រួមមាន ១- ហួត ហៀង អាយុ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ២- ង៉ែត សារ៉េត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកត្រាំង ខេត្តតាកែវ ។ ៣- រឿង ស៊ីណេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិបេងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រៅពីនោះ ក្រសួងការបរទេស ក៏បានជួយដល់ពលករខ្មែរម្នាក់ ឈ្មោះ ថត វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើតនៅភូមិកោះប្រាក់ក្នុង ឃុំកោះ ទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានទៅធ្វើការនិងរស់នៅខុសច្បាប់ នៅប្រទេសចិន ផងដែរ។
សូមបញ្ជាក់ថា ស្ត្រីឈ្មោះ រឿង ស៊ីណេង និងបុរសឈ្មោះ ថត វិចិត្រ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១៣:២៥នាទី រសៀលថ្ងៃនេះ តាមជើងយន្តហោះ CZ៦០៥៩។ ចំណែកស្ត្រីឈ្មោះ ហួត ហៀង និង ង៉ែត សារ៉េត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ១៣:២៥ នាទី តាមជើងយន្តហោះ CZ ៦០៥៩៕