(កណ្តាល)៖ មន្រ្តីអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល បានថ្លែងឲ្យដឹងថា គិតត្រឹមវេលាម៉ោង៥៖០០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្រាប់ករណីលិចទូកចម្លង នៅទន្លេមេគង្គក្រោម នៃកំពង់ដកោះកែវ-សំរោងធំ សពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅសល់ជនរងគ្រោះ៣នាក់ទៀត កំពុងបាត់នៅឡើយ។
បើតាមមន្រ្តីអាវុធហត្ថហេតុការណ៍លិចទូកចម្លងនេះ បណ្តាលឲ្យជនរងគ្រោះ៤នាក់ ក្នុងចំណោម១០នាក់ ធ្លាក់ចូលទឹកទន្លេ ដោយសារតែមានភ្លៀងធ្លាក់ អមដោយរលកធំៗប៉ុនដំបូលផ្ទះ បានបោកបក់យ៉ាងខ្លាំង ខណៈជនរងគ្រោះកំពុងធ្វើដំណើរឆ្លងកាត់ទន្លេ ឆ្ពោះទៅស្រុកកៀនស្វាយ។
បើតាមរបាយការណ៍របស់មន្រ្តីអាវុធហត្ថ នៅវេលាម៉ោង១៣៖៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីលិចទូកចម្លង០១គ្រឿង ស្ថិតនៅចំណុចទន្លេមេគង្គក្រោម ចម្ងាយពីច្រាំងប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលមកពីខ្យល់ និងភ្លៀងខ្លាំង។
ស្នងការរងនគរបាលខេត្តកណ្តាល លោក វ៉ែន សាវិន បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រៅពីជនរងគ្រោះបាត់ខ្លួននោះ ក៏មានម៉ូតូចំនួន៤គ្រឿង បានលិចចូលទន្លេផងដែរ។ លោក វ៉ែន សាវិន បានបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ (៤៖៥៥នាទី)ជនរងគ្រោះ ២ទៅ៣នាក់ទៀត ម៉ូតូ៤គ្រឿង និងទូកមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ខណៈកម្លាំងនគរបាលរបស់លោក និងកម្លាំងអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួយអន្តរាគមន៍ស្វែងរក៕