(ភ្នំពេញ)៖ បន្ទាប់ពីភ្លៀងមួយមេធំ បានបង្អុរនៅរាជធានីភ្នំពេញមក លោកអភិបាលរាជធានីភ្នំពេញ បានបង្ហាញសុទិដិ្ឋនិយមថា តំបន់មួយចំនួនដែលធ្លាប់លេចលង់ធ្ងន់ធ្ងរកន្លងមក មិនបានលេចលង់ដូចមុនទៀតទេ ហើយបន្ទាប់ពីភ្លៀងរួច ទឹកដែលនៅប្រៀបពេញដងផ្លូវ ក៏ស្រកចុះយ៉ាងឆាប់រហ័ស ខុសពីមុន។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចេញបកស្រាយនៅលើទំព័រ Facebook របស់លោក បន្ទាប់ពីរាជធានីភ្នំពេញរងនូវភ្លៀងធ្លាក់មួយមេធំ នារសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកថា តំបន់មួយចំនួន ក្នុងខណ្ឌចំនួន៤ ដែលធ្លាប់លេចលង់កន្លងមកនោះ ពេលនេះសង្កេតឃើញ ទឹកបានស្រកចុះយ៉ាងលឿន ខុសពីធម្មតា។
តំបន់ដែល លោកអភិបាលអះអាងថា ទឹកស្រកលឿននោះ រួមមាន -តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម -តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ៣០នាទីក្រោយភ្លៀង -តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ៤០នាទីក្រោយភ្លៀង -តំបន់ផ្សារកណ្តាល ស្រកអស់ ៣០នាទីក្រោយភ្លៀង -តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ៣០នាទីក្រោយភ្លៀង -ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ ១៥នាទីក្រោយភ្លៀង -ផ្លូវហ្សាលដឺហ្គោល ស្រកអស់ ២០នាទីក្រោយភ្លៀង -ផ្លូវលេខ១៦៣ខាងកើតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ ១៥នាទីក្រោយភ្លៀង។
លោកបានបញ្ជាក់ថា «ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មី មានប្រសិទ្ឋិភាពខ្ពស់ ប៉ុន្តែត្រូវកែលំអអណ្តូងលូ និងបូមស្តារលាងលូ។ សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង ៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%»៕