(ភ្នំពេញ)៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា កោតសរសើរដល់សិស្ស និងនិស្សិតនាពេលបច្ចុប្បន្ននេះ ដែលមានការយល់ដឹងច្រើន ពីបញ្ហាគ្រឿងស្រវឹង និងគ្រឿងញៀន ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាព ការអភិវឌ្ឍល្អលើខួរក្បាល និងជាពិសេសផលប៉ះពាល់ដល់ការសិក្សា។
លោកស្រី សឿ សុជាតា បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីនិយាយជាសាធារណៈស្ដីពី «ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា» ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនិយាយជាសាធារណៈ បានធ្វើឡើង នៅសាលប្រជុំសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា រួមទាំងលោក លោកស្រីមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ និងសិស្ស និស្សិតជាច្រើនរូប។
លោកស្រី សឿ សុជាតា បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំរហូតដល់គោលនយោបាយសុខភាពសិក្សា ដែលគ្រប់សកម្មភាព លើកកម្ពស់សុខភាពនេះ ត្រូវបានចាត់ទុកជាអទិភាពទី១ នៅក្នុងដំណើរការអភិវឌ្ឍសង្គម។
លោកស្រី បានបន្ថែមថា នៅក្នុងកម្មវិធីសិក្សាដែលនាយកដ្ឋានសិក្សានៃក្រសួងអប់រំយុវជន និងកីឡា បានយកទៅអនុវត្តន៍ដាក់ចូលក្នុងកម្មវិធីសិក្សានោះ បានបង្ហាញថា ដើម្បីឱ្យបានសុខភាពល្អ មានការអភិវឌ្ឍល្អ ទាល់តែយើងដឹងថា អ្វីដែលជាផលប៉ះពាល់ដល់សុខភាពសិក្សា ក្នុងនោះដែរគ្រឿងញៀន និងបញ្ហាគ្រឿងស្រវឹង ជាបញ្ហាដ៏ធំមួយដែលបានប៉ះពាល់ដល់ការសិក្សារបស់សិស្ស និស្សិតផងដែរ។
គួរបញ្ជាក់ផងដែរថា បេក្ខជនឆ្នើមទាំង១០រូប ដែលបានចូលរួមប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការ ចេញពីយុវជនរាប់រយនាក់ ដែលបានផ្ញើអត្ថបទចូលរួមកម្មវិធីប្រកួតនេះ។ បេក្ខជនទាំង១០រូបនេះ មកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង ចំនួន៣រូប វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ១រូប វិទ្យាល័យដុនបូស្កូ ១រូប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ១រូប សាកលវិទ្យាល័យស្វាយរៀង ១រូប សាកលវិទ្យាល័យអន្តរជាតិឌូវី ១រូប សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ១រូប និងអ្នកនិពន្ធឯករាជ្យ ១រូបផងដែរ៕