(ព្រះវិហារ)៖ ក្រុមហ៊ុនធំៗចំនួន២មានផែនការទិញស្រូវសរីរាង្គឱ្យបាន២,៥០០តោន ក្នុងឆ្នាំ២០២២នេះ ពីសហគមន៍ចំនួន១០ក្នុងខេត្តព្រះវិហារ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្រុមទាំង២នោះមានក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ។
ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គរវាងក្រុមហ៊ុន និងសហគមន៍កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមអធិបតីភាពលោល គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាលើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ សរុបជិត៨ម៉ឺនតោន ក្នុងនោះមានស្រូវសរីរាង្គ១៥,៣៥០តោន ដំឡូងមីសរីរាង្គ៥៥,០០០តោន ស្វាយចន្ទីសរីរាង្គ៥០០តោន និងសណ្ដែកដីសរីរាង្គ៣០តោន ដែលធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូរសហការទាំងអស់។ លោកបន្ថែមថា សម្រាប់ក្រុមហ៊ុនចំនួន២នាពេលនេះផ្ទាល់បានបន្ដកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្ម១០ ដែលមានអ្នកផលិត១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប២,៥០០តោន។
លោកស្រី សៅ សុនិតា អគ្គនាយករងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ បានបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ ដែលក្រុមហ៊ុនបានចាប់ដៃគូរសហការជាមួយកសិករខេត្តព្រះវិហារក្នុងការបញ្ជាទិញស្រូវសរីរាង្គសម្រាប់កែច្នៃនាំចេញទៅទីផ្សារអន្ដរជាតិ ដែលក្នុងនោះមានទាំងទីផ្សារក្នុងតំបន់អាស៊ី អឺរ៉ុប អាមេរិកជាដើម។ ពោលគឺនៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ៤,០០០តោន, ឆ្នាំទី២ចំនួន៣៥០០តោន ឆ្នាំទី៣១៥០០តោន និងឆ្នាំទី៤នេះក្រុមហ៊ុននៅតែបន្ដបញ្ជាទិញក្នុងបរិមាណមិនប្រែប្រួល ក្នុង១៥០០តោនដដែល ហើយសម្រាប់ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនមានផែនការថានឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែមទៀត។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវកិច្ចសន្យាមួយដែលអាចចាត់ទុកថាជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់៣ គឺធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសេចក្ដីរំពឹងទុកសម្រាប់ពេលអនាគត វិស័យកសិកម្មនៅក្នុងខេត្តព្រះវិហារនឹងក្លាយជាកសិកម្មបែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរណ៍ផលិតផល៕